General Commissariat of National Police
.

លោកឧត្តមសេនីយ៍ត្រី ហេង សុផល ចុះសាកសួរសុខទុក្ខកងកម្លាំងនគរបាលទាំង ០៣ ក្រុង-ស្រុក

Loading

ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត ជម្រុញ លើកទឹកចិត្ត ដល់កងកម្លាំងនគរបាលទូទាំងខេត្ត បើជួបទុក្ខលំបាក ឬមានជំងឺឈឺថ្កាត់ ត្រូវមានវត្តមានដឹកនាំត្រូវចុះសាកសួរសុខទុក្ខ ឧបត្ថម្ភ សម្ភារ: ថវិកា ដើម្បីលើកទឹកចិត្ត ផ្ដល់ភាពកក់ក្ដៅ ដល់មន្ត្រីនគរបាលក្រោមឱវាទ មិនបោះបង់ចោលបងប្អូន នាគ្រាជួបទុក្ខលំបាកឡើយ ។

លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានឆ្លៀតឱកាសជួបសំណេះសំណាលជាមួយកងកម្លាំងអធិការដ្ឋាននគរបាលជាតិ ទាំង ០៣ ក្រុង- ស្រុក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០២៤ ។

ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថា ថ្ងៃនេះលោក មានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចុះសាកសួរសុខទុក្ខ សុខុមាលភាព របស់កងកម្លាំង ដែលកំពុងបំពេញភារកិច្ចជំនាញ តាមបណ្ដាអធិការដ្ឋាននគរបាលទាំង ០៣ ក្រុង-ស្រុក នាឱកាសថ្ងៃនេះ ដើម្បីបានដឹងពីបញ្ហាប្រឈមរបស់បងប្អូនកងកម្លាំងយើង និងចូលរួមដោះស្រាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់សំដៅរួមចំណែកពង្រឹងការងារអភិបាលកិច្ចល្អ ឈានទៅអភិវឌ្ឍន៍កងកម្លាំងនគរបាលជាតិ ឲ្យបានល្អប្រសើរ បន្ថែមទៀត។

លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើ ថ្លែងអំណរគុណ របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម អភិបាលខេត្ត នៃគណ:អភិបាលខេត្ត ជូនចំពោះកងកម្លាំង សម្រាប់កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងព្រឹត្តិការណ៍ ចំណុចខ្ពស់ នាពេលកន្លងមក  ធានាបានសុខសុវត្ថិភាពល្អប្រសើរ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ។

បន្ថែមលើស្នាដៃ គុណបំណាច់ របស់បងប្អូនកងកម្លាំង លោកស្នងការនគរបាលខេត្ត បានពាំនាំសម្ភារៈ ថវិកា ប្រគល់ជូន ក្នុង ០១ អធិការដ្ឋាននគរបាលក្រុង-ស្រុក ទទួលបានរោងចល័តចំនួន ០២ គ្រឿង និងអាវភ្លៀងមួយចំនួន ដែលជាការឧបត្ថម្ភ របស់ ឯកឧត្តម អភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដល់កងកម្លាំង សម្រាប់កិច្ចប្រតិបត្តិការ រក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងប្រគល់ថវិកា ក្នុងម្នាក់ៗ ចំនួន ៥០,០០០ រៀល ដែលជាប្រាក់ ឧបត្ថម្ភ របស់អគ្គស្នងការនគរបាលជាតិ និងថវិកា ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តសម្រាប់ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្យ ដែលកាន់តែជិតចូលមកដល់នាថ្ងៃខាងមុខនេះ។

ជាកិច្ចចុងក្រោយ លោកស្នងការ បានថ្លែងក្រើនរំលឹក ដាស់តឿន ដល់ថ្នាក់ដឹកនាំ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវធ្វើគំរូល្អ ដល់មន្ត្រីក្រោមឱវាទ ពង្រឹងគ្រប់គ្រងប្រមូលផ្តុំកងកម្លាំងការដឹកនាំបញ្ជា ការអនុវត្តតួនាទី ភារកិច្ច តាមឋានានុក្រម សាមគ្គីភាព ឯកភាពផ្ទៃក្នុង កិច្ចសហការល្អ កសាងអភិវឌ្ឍន៍ ជំនាញ និងអង្គភាព ឲ្យមានមានភាពរីកចម្រើន បន្ថែមទៀត ។

សូមបញ្ជាក់ថា អធិការដ្ឋាននគរបាលទាំង ០៣ ក្រុង-ស្រុក រួមមាន:១.សន្ទុក,២.ស្ទឹងសែន,៣.ប្រាសាទបល្ល័ង្ក កងកម្លាំងនគរបាលជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចូលរួមចំនួន ២៩៧ នាក់ ៕