ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃអង្គារ ០៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស និងបង្ការអគ្គិភ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប្លង់ សោភ័ណ អនុប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ព្រមទាំងសហការី បានចុះត្រួតពិនិត្យដល់ទីតាំងក្រុមហ៊ុន ឃែភីថល ហ្គាមុិន ឯ.ក ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសគ្រប់គ្រងប្រព័ន្ធអគ្គិភ័យរបស់ក្រុមហ៊ុនផ្ទាល់។
គោលបំណងសំខាន់គឺចង់ឲ្យគោលដៅបំពាក់ឧបករណ៍ សម្ភារៈបរិក្ខារប្រព័ន្ធបង្ការ ពន្លត់អគ្គិភ័យនិងសង្រ្គោះ ឲ្យបានសមស្របជាមួយប្លង់ និងតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាសុវត្ថិភាពអគ្គិភ័យក្នុងទីតាំងទាំងមូល មុនដាក់ជូនថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិលោកពិនិត្យ និងចុះហត្ថលេខាលើវិញ្ញាបនបត្រ បព្ជាក់អំពីគុណភាពប្រសិទ្ធិភាពនៃប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ។
ដំណើរការត្រួតពិនិត្យយកចិត្តទុកដាក់ទីតាំងសំខាន់ៗរួមមាន ៖
– ការបំពាក់ប្រព័ន្ធផ្តល់ព័ត៌មាន (ស្រូបផ្សែង ស្រូបកម្តៅ កណ្តឹងរោទិ៍ ភ្លើងសញ្ញាប្រកាសអាសន្ន)។
– បន្ទប់ម៉ូទ័រនិងអាងស្តុកទឹកសម្រាប់ត្រៀមផ្គត់ផ្គង់ទឹកពេលមានហានីភ័យកើតឡើង។
– បន្ទប់ផ្ទុកទិន្ន័យ (data Sever)។
– ទូប្រអប់ក្រណាត់នឹងក្បាលឡង់ បង្គោលយកទឹកសម្រាប់រថយន្តពន្លត់អគ្គិភ័យក្នុងនិងក្រៅគោលដៅដែលបានបំពាក់តាមទីតាំងនីមួយៗ។
– ច្រកជម្លៀសខ្លួនពេលមានអាសន្ន និងភ្លេីងបំភ្លឺស្វ័យប្រវត្តិ។
ក្នុងការចុះត្រួតពិនិត្យក្រុមជំនាញបានផ្តល់មតិយោបល់ទៅគោលដៅក្រុមហ៊ុន ឃែភីថល ហ្គាមុិន ឯ.ក រួមមាន៖
១. អគារសង្វាក់ផលិតកម្ម
– ត្រូវត្រួតពិនិត្យប្រព័ន្ធប្រកាសអាសន្នឡើងវិញ ហើយការប្រកាសត្រូវប្រើជាភាសាខ្មែរ។
– កន្លែងដាក់សម្ភារៈ ត្រូវបំពាក់បាល់ឡុងស្វ័យប្រវត្តិ ABC ម្សៅស្ងួតចំណុះ៨Kg ក្នុង២ប្រឡោះបំពាក់០១គ្រាប់ សរុប២០ប្រឡោះបំពាក់ចំនួន១០គ្រាប់ និងខាងក្រោមបំពង់ពន្លត់អគ្គិភ័យត្រូវមានសញ្ញាខ្វែងពណ៍ក្រហមសុំគូរឱ្យច្បាស់។
– ត្រូវរៀបចំប្រព័ន្ធស្រូបផ្សែងដោយកាំរស្មីចំណាំងផ្លាតចំនួន០៤ឈុត និងកែតម្រូវគំនូរប្លង់ឱ្យត្រូវតាមជាក់ស្តែង។
– ត្រូវបន្ថែមបំពង់ពន្លត់អគ្គិភ័យ ABC ម្សៅស្ងួត ចំណុះ៨Kg បំពាក់តាមសរសរ ១សរសរ រំលង១រហូតអស់។
២. អគារឃ្លាំងផលិតផលសម្រេច
– គំនូសព្រួញរត់ជម្លៀសខ្លួនសូមលាបពណ៍លឿងឱ្យច្បាស់ និងត្រូវមានប្លង់ជម្លៀសខ្លួនបិទតាមច្រកចេញនីមួយៗហើយពង្រីកឱ្យធំ។
– ត្រូវរៀបចំប្រអប់ទុយោទឹកពន្លត់អគ្គិភ័យ នៅពីមុខអគារផលិតផលសម្រេច និងរៀបចំម៉ូទ័ររុញសម្ពាធទឹកពន្លត់អគ្គិភ័យសម្រាប់រោងចក្រផ្ទាល់ងាយស្រួលប្រតិបត្តិការពេលមានអគ្គិភ័យកើតឡើង។
៣. បន្ទប់ម៉ាសុីនភ្លើង ត្រូវបំពាក់បាល់ឡុងស្វ័យប្រវត្តិប្រភេទ Foam ចំនួន០២គ្រាប់ ប្រភេទរទេះកង់រុញ Foam ចំនួន០១គ្រឿង និងត្រូវមានបំពង់ប្រភេទ TG-541 ឫ HFC-227ea សម្រាប់ពន្លត់ជាក់ស្តែងលើអគ្គិសនី។
៤. ត្រូវរៀបចំម៉ាសុីនទទួល-ផ្តល់ព័ត៌មាន អគ្គិភ័យបំពាក់នៅបន្ទប់សន្តិសុខ និងត្រូវមានសម្លៀកបំពាក់ពន្លត់អគ្គិភ័យចំនួន០៦ឈុត (បំពង់ជំនួយផ្លូវដង្ហើមSCBA)។
៥. ឃ្លាំងក្រណាត់ត្រូវរៀបចំ ប្រអប់ទុយោទឹកពន្លត់អគ្គិភ័យចំនួន០១ប្រអប់ នៅខាងមុខឃ្លាំង ត្រូវបំពាក់បាល់ឡុងស្វ័យប្រវត្តិ ABC ម្សៅស្ងួត ចំនួន១៥គ្រាប់បំពាក់ពីលើ និងឃ្លាំងសម្ភារះត្រវបន្ថែមបំពង់ ABC ម្សៅស្ងួត ៨Kg ចំនួន០៨បំពង់៕