General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំក្រុមការងារ ចូលរួមក្នុងពិធី ផ្ដល់កម្ចីខ្នាតតូចគ្មានការប្រាក់ ដាំដើមឈើនៅមណ្ឌលសុខភាពប៊ុន រ៉ានីសែនជ័យដំណាក់ត្រយឹង និងចុះសួរសុខទុក្ខ គ្រួសារអតីតយុទ្ធជន ព្រមទាំងប្រគេនបច្ច័យ និងគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ សម្រាប់ព្រះសង្ឃ នៅវត្តប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង

Loading

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បានចូលរួមក្នុងពិធីផ្ដល់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនគ្រួសារអតីតយុទ្ធជន យុទ្ធជនពិការ និងគ្រួសារងាយរងគ្រោះបំផុតចំនួន១០០គ្រួសារ និងពិធីដាំដើមឈើនៅមណ្ឌលសុខភាពប៊ុន រ៉ានីសែនជ័យដំណាក់ត្រយឹង នឹងចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជន ស្ថិតក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកក្របាទក្រហមកម្ពុជា តំំណាងដ៏ខ្ពងខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងប្រគេនគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់មួយចំនួន ជូនព្រះសង្ឃ នៅវត្តប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង ។

មានប្រសាសន៍ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា រយៈពេល កន្លងរហូតមកដល់ពេលនេះ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់កម្ចីដែលគ្មានការប្រាក់ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ សរុបចំនួន២៥៦៩គ្រួសារ ស្មើនឹងទឹកប្រាក់សរុបចំនួន ៥៤៤២០ដុល្លា ហើយក្នុងឱកាសនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានសម្រេចបន្តផ្តល់ប្រាក់កម្ចី ដោយគ្មានការប្រាក់ ចំនួន១០០លានរៀល បន្ថែមទៀតជូនដល់គ្រួសារអតីតយុទ្ធជន។ ឆ្លៀតក្នុងឱកាស ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានសម្តែងនូវការគោរពអរគុណ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ធ្វើសកម្មភាពមនុស្សធម៌ ដោយមិនខ្លាចការនឿយហត់ ។

មានប្រសាសន៍ក្នុងពិធីនេះផងដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងអោយដឹងថា ក្នុងពិធីផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ជូនគ្រួសារអតីតយុទ្ធជន នាពេលនេះ លោកជំទាវ បានយកថវិកាចំនួន១០០លានរៀល សម្រាប់ផ្តល់ជូនគ្រួសារអតីតយុទ្ធជន យុទ្ធជនពិការ និងគ្រួសារងាយរងបំផុត ចំនួន១០០គ្រួសារ ដោយមួយគ្រួសារ ទទួលបានប្រាក់កម្ចីចំនួន ១លានរៀល ដើម្បីយកទៅប្រើប្រាស់សម្រាប់ជាដើមទុន ក្នុងការប្រកបរបររកស៊ី នឹងធ្វើអាជីវកម្មផ្សេងៗ សំដៅកែលម្អជីវភាពគ្រួសារប្រចាំថ្ងៃ ។ លោកជំទាវ បានបន្តថា ការផ្តល់កម្ចីខ្នាតតូច ដោយមិនគិតការប្រាក់នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីគទ្រាំដល់ជនងាយរងគ្រោះ និងជនរងគ្រោះក្នុងសហគមន៍ ដើម្បីប្រកបរបររកប្រាក់ចំណូល លើកកម្ពស់ជីវភាព បង្កើនភាពធន់ ការពារហានិភ័យពីគ្រោះមហន្តរាយ និងគ្រោះថ្នាក់។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលទទួលបានប្រាក់កម្ចីនេះ សូមយកទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវ ច្បាស់លាស់សម្រាប់ចិញ្ចឹមជីវិត ជៀសវាងប្រើប្រាស់ខុសគោលការណ៍ ឬយកទៅប្រើប្រាស់ក្នុងមុខរបរខុសច្បាប់ផ្សេងៗ ។
លោកជំទាវ ក៏បានពាំនាំនូវការសួរសុខទុក្ខដល់បងៗអតីតយុទ្ធជន ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបានថ្លែងអំណរអរគុណដល់ពួកគាត់ ដែលបានពាលីកម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី ជាតិមាតុភូមិ និងជូនបងប្អូនប្រជាពលរដ្ឋ រស់នៅប្រកបរបររកទទួលទាន ប្រកបដោយសុខសន្តិភាព ។ នៅចុងពិធីក៏មានការដាំកូនដើមនៅមណ្ឌលសុខភាព ប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង ដើម្បីចូលរួមថែរក្សាបរិស្ថាន ។

លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ក៏បានដឹកនាំក្រុមការងារស្នងការដ្ឋាន បាននាំអំណោយឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជនចំនួន១៨គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២០គីឡូ មីចំនួន១កេស ទឹកត្រីចំនួន១យួរ មុងជ្រលក់ថ្នាំចំនួន២ នឹងថវិការប្រាំម៉ឺនរៀល បន្ទាប់មកលោកស្នងការ ក៏នាំយកនូវ បច្ច័យចំនួនហាសិបប្រាំម៉ឺនរៀល និងអង្ករ៥០គីឡូ មីចំនួន៥កេស មុងជ្រលក់ថ្នាំចំនួន២ ជូនដល់ព្រះសង្ឃ នៅវត្ត ប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង សម្រាប់បម្រុងទុក ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នាពេលខាងមុខផងដែរ ៕