General Commissariat of National Police
.

ក្មេងស្រីម្នាក់ ធ្លាក់ពីលើផ្ទះបណ្ដែតទឹក បណ្តាលឲ្យលង់ស្លាប់ នៅស្រុកក្រគរ

Loading

ពោធិ៍សាត់៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី មានករណីក្មេងធ្លាក់ពីលើផ្ទះបណ្ដែតទឹកលង់ស្លាប់ កើតហេតុនៅចំណុចកំពង់ឃ្នាស ស្ថិតនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ សពឈ្មោះ ឌី ជីវ៉ា ភេទស្រី អាយុ៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច សហការជាកម្លាំងនគរបាលយុតិ្តធម៍​ កម្លាំងនគរបាលស្រុកក្រគរបានចុះដល់កន្លែងកេីតហេតុនឹងពិនិត្យ​ ធ្វេីកំណត់ហេតុបំភ្លឺជុំវិញកន្លែងកេីតហេតុ នៅផ្ទះរបស់ឈ្មោះ ប្រេន ឌី (ផ្ទះឪពុកសព)ស្ថិតនៅភូមិឃុំកើតហេតុខាងលើ។យោងតាមកំណត់ហេតុស្តាប់ការបំភ្លឺមនុស្សចំនួន៣នាក់ ១-ឈ្មោះ ផន សុវន្ត ភេទស្រី អាយុ​២៤ឆ្នាំ ​មុខរបរ​នេសាទរស់នៅភូមិឃុំកើតហេតុខាងលើ (ម្ដាយបង្កើតសព )បានឲ្យដឹងថា កាលពីថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៤និង០០នាទី រូបខ្លួនកំពុងតែធ្វើម្ហូបនៅខាងក្រោយផ្ទះ ស្រាប់តែប្ដីរបស់ខ្លួនបានប្រាប់ខ្លួនថា កូនទី៣ របស់យើងបានបាត់ លឺហើយខ្លួននិងប្ដីបាននាំគ្នាដើររក ហើយអ្នកភូមិក៏បានមកជួយរកផងដែរ រួចស្រាប់តែអ្នកភូមិរបស់ខ្លួនឈ្មោះ ឌួង ឡុង ក៏បានរកឃើញកូនស្រីរបស់ខ្លួននៅខាងមុខផ្ទះ រួចក៏បាននាំគ្នាស្រង់យកមកខាងលើផ្ទះតែម្ដងទៅ។ ២-ឈ្មោះ ឌួង ឡុង ភេទប្រុស អាយុ​៤១ឆ្នាំ ​មុខរបរ​នេសាទ រស់នៅភូមិឃុំកើតហេតុខាងលើ(អ្នកជិតខាងសព) បាន​ឲ្យដឹងថា នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោងប្រហែល១៤និង០០នាទីរសៀល រូបខ្លួនបានដឹងដំណឹងថាកូនរបស់អ្នកភូមិបានបាត់ ហើយរូបខ្លួនក៏បានមក ជួយរក រួចរូបខ្លួនក៏បានចុះរាវទឹកនៅក្បែរៗផ្ទះ ក៏បានប្រទះឃើញសពក្មេងនៅខាងមុខផ្ទះ រួចរូបខ្លួនក៏បានលើកយកដាក់លើផ្ទះ ហើយបងប្អូនក៏បានជួយធ្វើចលនាដង្ហើមក្មេង តែក្មេងនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ៣-ឈ្មោះ ប្រេន ឌី ភេទប្រុស អាយុ​២៧ឆ្នាំ ​មុខរបរ​នេសាទ(ឪពុកសព) បាន​ឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៤និង០០នាទី រូបខ្លួនបានមកពីរាយសន្ទូច ហើយក៏សម្រាកនៅលើអង្រឹងក្នុងផ្ទះរបស់ខ្លួនមួយស្របក់ ហើយកូនៗរបស់ខ្លួននាំគ្នាលេងក្នុងផ្ទះដូចរាល់ដង រីឯប្រពន្ធរបស់ខ្លួនកំពុងធ្វើម្ហូបនៅផ្ទះបាយខាងក្រោយផ្ទះ រូបខ្លួនក៏បានសម្រាកមួយសន្ទុះ ក៏ភ្លេចខ្លួនមួយភ្លែត គាត់ដឹងខ្លួនថាបាត់កូនស្រីរបស់ខ្លួនពីផ្ទះ ហើយខ្លួនក៏បានចុះទឹកដើម្បីរាវរកកូន តែរកមិនឃើញក៏បានឆោឡោ អ្នកភូមិជិតផ្ទះរបស់ខ្លួនចំនួន៩ទៅ១០នាក់ ជួយរាវរកលុះដល់ម៉ោងប្រហែល១៤និង០០នាទីឈ្មោះ ឌួង ឡុង ក៏បានរាវប៉ះកូនស្រីរបស់ខ្លួននៅខាងមុខផ្ទះរបស់ខ្លួនហើយក៏នាំគ្នាស្រង់កូនស្រីរបស់ខ្លួនដាក់លើផ្ទះ តែកូនស្រីរបស់ខ្លួនបានស្លាប់បាត់ទៅហើយ។ ក្រោយពិនិត្យ​នឹងបំភ្លឺជុំវិញកន្លែងកេីតហេតុរួច សពឈ្មោះ ឌី ជីវ៉ា ពិតជាបានស្លាប់ដោយសារតែលង់ទឹកពិតប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ចបានធ្វេីកំណត់ហេតុប្រគល់សាកសពឲ្យទៅក្រុមគ្រួសារដេីម្បីធ្វេី​បុណ្យ​តាម​ប្រពៃណី​ តាមបញ្ជារឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៧និង១៧នាទី៕