ខេត្តតាកែវ ៖ នាព្រឹកថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ អញ្ជើញបន្តចុះពង្រឹងវិន័យកងកម្លាំង និងពង្រឹងប្រសិទ្ធិភាពការងារ នៃអធិការដ្ឋាននគរបាលស្រុកសំរោង។ នេះជាស្រុក ទី៧ហើយ ដែលលោកឧត្តមសេនីយ៍ទោ ស្នងការ ចុះពង្រឹងវិន័យកងកម្លាំង និងពង្រឹងប្រសិទ្ធិភាពការងារ។
ដោយមានការចូលរួមអមដំណើរពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត លោកអធិការ អធិការរង និងមន្រ្តីពាក់ព័ន្ធ នៃអធិការដ្ឋាននគរបាលស្រុកសំរោង។
មានប្រសាសន៍ថ្លែងក្នុងពិធីខាងលើ លោកស្នងការ បានណែនាំផ្តាំផ្ញើ និងសង្កត់ធ្ងន់ចំនួន ១០ចំណុច ដល់មន្រ្តីនគរបាលអនុវត្តច្បាប់រួមមាន ៖
១- ពង្រឹងបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជាថ្មីលេខ ៨៧៣.ប្រក របស់ក្រសួងមហាផ្ទៃ។
២- ពង្រឹងបញ្ហាចរាចរណ៍ ត្រូវតែបង្កើនការផ្សព្វផ្សាយអប់រំ បង្ការទប់ស្កាត់ និងអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ជាពិសេសកំណត់ភូមិសាស្ត្រងាយរងគ្រោះ បង្ការទប់ស្កាត់កុំឱ្យមានគ្រោះថ្នាក់កើតឡើង។
៣- ពង្រឹងសមត្ថភាពការងារ តាមរយៈការបណ្តុះបណ្តាល បើកវគ្គបំប៉នជំនាញរយៈពេលខ្លីវែង និងស្វែងយល់អំពីច្បាប់ លិខិតបទដ្ឋានគតិយុទ្ធនានាជាប់ជាប្រចាំ។
៤- ត្រូវយកចិត្តទុកដាក់ កសាងអគារធ្វើការ អគារស្នាក់នៅ កន្លែងហូបចុក សម្រាប់ឱ្យកងកម្លាំងប្រចាំការ២៤ម៉ោង លើ២៤ម៉ោងត្រៀមអន្តរាគមន៍ទាន់ពេលវេលា។
៥- ពង្រឹងរក្សាសាមគ្គីភាពផ្ទៃក្នុង សហការល្អជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងន័យការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមដែលខ្លួនទទួលខុសត្រូវ។
៦- ត្រូវមានឆន្ទៈ មនសិកាវិជ្ជាជីវៈ ការលៈបង់ខ្ពស់ និងហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់។
៧- ពង្រឹងការចេញល្បាតចល័តក្នុងមូលដ្ឋានភូមិសាស្រ្តស្មុគស្មាញងាយរងគ្រោះ។
៨- ពង្រឹងការចុះផ្សព្វផ្សាយតាមវេទិការសាធារណៈ អំពីផលប៉ះពាល់ នៃសារធាតុញៀន ក្មេងទំនើង តាមសាលារៀន វត្តអារាម ភូមិ ឃុំ សហគមន៍ ដែលអាចធ្វើទៅបាន។
៩- ពង្រឹងការផ្តល់សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋទៅតាមតម្រូវការជាក់ស្តែងឲ្យបានល្អប្រសើរ ជៀសវាងមានការរិះគល់មកលើសមត្ថកិច្ចយើង។
១០- ពង្រឹងតួនាទីភារកិច្ច របៀបរបបការងារតាមឋានានុក្រម៕