ព្រះវិហារ៖ ព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ចាន់ ស៊ីថា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពការគ្រប់គ្រងទីតាំងទទួលខុសត្រូវរបស់នគរបាលព្រំដែន នៅសាលប្រជុំទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ, ឯកឧត្តម ឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន, លោកឧត្តមសេនីយ៍ទោ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន, លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តខេត្តព្រះវិហារ, លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ, លោកវរសេនីយ៍ អនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន, លោកស្នងការរងទទួលការងារព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ, លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ជាំ អានសេះ, នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិអូរស្មាច់ ជាំ អានសេះ, មេបញ្ជាការវរសេនាតូចការពារព្រំដែន ទាំង៦ ក្នុងទិសភូមិភាគទី៤។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីធានាឲ្យបានការគ្រប់គ្រងស្ថានភាពព្រំដែនប្រកបដោយប្រសិទ្ធភាព ជាពិសេសការគ្រប់គ្រងព្រំដែនចាំបាច់សម្រាប់សន្តិសុខជាតិ ការគ្រប់គ្រងស្ថានភាពល្មើសច្បាប់ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងអន្តរជាតិ។ ការពារទប់ស្កាត់ការឆ្លងកាត់ព្រំដែនដែលគ្មានការអនុញ្ញាត និងការត្រួតពិនិត្យដែលមានភាពចន្លោះប្រហោងនៅតាមច្រកទ្វារចេញ-ចូល នៃប្រទេស។ ទន្ទឹមនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធប៉ុស្តិ៍ត្រួតពិនិត្យ និងការប្រើប្រាស់កម្លាំងដោយការទទួលខុសត្រូវដោយអនុវត្តវិធានការយាមល្បាតតាមព្រំដែនប្រកបដោយស្មារតីទទួលខុសត្រូវនៅតាមតំបន់ដាច់ស្រយាល ឬតំបន់ដែលមានហានិភ័យខ្ពស់ ហើយនឹងការរួមបញ្ចូលប្រតិបត្តិការរវាងសមត្ថកិច្ចអនុវត្តវិធានការគ្រប់គ្រងព្រំដែនដូចជា ៖ កម្លាំងនគរបាលការពារព្រំដែន គយ អន្តោប្រវេសន៍ និងយោធាការពារព្រំដែន ធ្វើការរួមគ្នាដើម្បីគ្រប់គ្រងព្រំដែនប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ បង្កើនកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចប្រទេសជិតខាង សម្រាប់ការត្រួតពិនិត្យព្រំដែន ការចែករំលែកព័ត៌មាន និងប្រតិបត្តិការអនុវត្តច្បាប់ផងដែរ៕