រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបិទការប្រកួតបាល់ទះអន្តរជាតិ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឆ្នាំ២០២៤ (SAMDECH MOHA BORVOR THIPADEI – 2024 SEA V LEAGUE CHALLENGE) នៅទីលានបាល់ទះនៃពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) រាជធានីភ្នំពេញ។
ឆ្លងកាត់ការប្រកួតអស់រយៈពេល៤ថ្ងៃ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានក្លាយជាម្ចាស់ប្រាក់រង្វាន់ ១០០លានរៀល ក្នុងព្រឹត្តិការណ៍បាល់ទះពានរង្វាន់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ២០២៤ និងទទួលបានកូតាដោយស្វ័យប្រវត្តិឡើងទៅប្រកួតពានរង្វាន់ SEA V.League នៅឆ្នាំ២០២៥ ខាងមុខ បន្ទាប់ពីបញ្ចប់ការប្រកួតនៅល្ងាចថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ នេះ លើទីលានវិមានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមមហាគ្រួសារបាល់ទះកម្ពុជា បានថ្លែងអំណរគុណដល់ប្អូនៗកីឡាករទាំងអស់ ក្រុមការងារគ្រូបង្វឹក ដែលរួមគ្នាសាងស្នាដៃជូនជាតិមាតុភូមិនៅពេលនេះ និងសូមជូនពរឱ្យបន្តទទួលបានជោគជ័យលើកឆាកអន្តរជាតិនានានៅពេលខាងមុខ។
ជាមួយគ្នានេះដែរ សូមថ្លែងអំណរគុណដល់មន្ត្រីរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា គណៈកម្មការបច្ចេកទេស អាជ្ញាកណ្ដាល យុវជនស្ម័គ្រចិត្តនិងភាគីពាក់ព័ន្ធនានា ដែលរួមគ្នាទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់កម្រិតតំបន់អាស៊ានមួយនេះ បញ្ចប់ទៅដោយរលូន និងជោគជ័យ។
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនឧបត្ថម្ភនានា ដែលបានចូលរួមគាំទ្រព្រឹត្តិការណ៍ប្រកួត ដែលជាផ្នែកមួយនាំបាល់ទះកម្ពុជា ឈានជើងទៅលើឆាកអន្តរជាតិជាបន្តបន្ទាប់។
ជាចុងក្រោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សូមអរគុណបងប្អូនអ្នកគាំទ្រកីឡាបាល់ទះ ទាំងក្នុងនិងក្រៅប្រទេស ដែលបានតាមដានការប្រកួតតាំងពីដើមរហូតដល់ថ្ងៃបញ្ចប់នេះ។ យើងនៅមានការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនទៀតក្នុងឆ្នាំ២០២៤ នេះ៕