បាត់ដំបង៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៥និង០៩នាទី ព្រឹក ស្ថិតនៅចំណុចក្រុមទី០៩ ស្ថិតក្នុងភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីហិង្សាអំពើក្នុងគ្រួសារ និងធ្វើអោយខូចខាតដោយចេតនា (ដុតផ្ទះ) មួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ អុក កូរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានឈ្លោះប្រកែកជាមួយប្រពន្ធ បន្ទាប់ខ្លួនបានប្រមូលខោអាវ រួចបានដុតនៅក្នុងផ្ទះ បណ្ដាលអោយឆេះផ្ទះខ្ទេចតែម្ដង ដែលជាផ្ទះឪពុកបង្កើត ឈ្មោះ អុក គា ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ សម្ភារៈខូចខាតរួមមាន៖ ផ្ទះទំហំ ៧ម៉ែត្រx២០ម៉ែត្រ ជញ្ជាំងបាំងឈើ ដំបូលប្រកស័ង្កសី ។ សរុបការខូចខាចជាទឹកប្រាក់ ចំនួន ៨០,០០០,០០០រៀល (ប៉ែតសិបលានរៀល) ។
ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដឹកនាំដោយលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អុក កូរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មកកាន់អធិការដ្ឋាននគរបាលស្រុករតនមណ្ឌលដើម្បីធ្វើការសាកសួរ ។
ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានដុតផ្ទះ បណ្ដាលអោយឆេះផ្ទះខ្ទេចតែម្ដង ដែលជាផ្ទះឪពុកបង្កើត ពិតប្រាកដមែន ។ មូលហេតុដោយសារ ខ្លួនបានប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លុះដល់ថ្ងៃកើតហេតុវេលាម៉ោង០៥និង០៩នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ខ្លួនបានឈ្លោះប្រកែកជាមួយប្រពន្ធ បន្ទាប់ខ្លួនបានប្រមូលខោអាវ រួចបានដុតនៅក្នុងផ្ទះ បណ្ដាលអោយឆេះផ្ទះតែម្ដង ។
បច្ចុប្បន្នជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕