រាជធានីភ្នំពេញ ៖ ជនសង្ស័យ៦នាក់ ជាមួយថ្នាំញៀន ជិត៤០០គីឡូក្រាម ត្រូវកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបបាននៅ៣ទីតាំងផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។
ប្រតិបត្ដិការនេះ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
សូមជម្រាបថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅ០៣ទីតាំង។
* ទីតាំងទី១ ស្ថិតនៅចំណុច បុរីផុងស៊ុយ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ
* ទីតាំងទី២ ស្ថិតនៅចំណុច ផ្ទះលេខ WG ផ្លូវលេខ៦ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ
* ទីតាំងទី៣ ស្ថិតនៅចំណុច បុរីលឹមឈាងហាក់ ហ្គ្រីនហូម ផ្ទះលេខ១៦D ផ្លូវលេខ២A ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
លទ្ធផលចាប់ខ្លួនជនសង្ស័យ ចំនួន៦នាក់ (ស្រី០២)៖ ១៖ ឈ្មោះ ប៊ុន ម៉ាឡែន ភេទស្រី ជនជាតិខ្មែរ អាយុ៥១ឆ្នាំ, ២៖ ឈ្មោះ សេង គីម ភេទស្រី ជនជាតិខ្មែរ អាយុ២៦ឆ្នាំ, ៣៖ ឈ្មោះ រី សុខលិ ភេទប្រុស ជនជាតិខ្មែរ អាយុ ២៣ឆ្នាំ, ៤៖ ឈ្មោះ ដាំ ប្រុសពៅ ភេទប្រុស ជនជាតិខ្មែរ អាយុ ២៨ឆ្នាំ, ៥៖ ឈ្មោះ ជួន ចំរើន ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ, ៦៖ ឈ្មោះ អេង គីមសាយ ភេទប្រុស ជនជាតិខ្មែរ អាយុ ២៤ឆ្នាំ។
វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) ២៥៤ ២៩២. ៤០ក្រាម, គ្រឿងញៀនប្រភេទកេតតាមីន (Ketamine) ១២៧ ៦០៦.៨០ក្រាម, គ្រឿងញៀនហេរ៉ូអ៊ីន (Heroine) ៧៧០០ក្រាម ។ សរុបគ្រឿងញៀន ៣៨៩ ៥៩៩.២០ក្រាម (៣៨៩គីឡូ ៥៩៩.២០ក្រាម)។ សម្ភារចាប់យករួមមាន ៖ រថយន្ត Pruise ០១គ្រឿង ។
បច្ចុប្បន្នជនសសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕