General Commissariat of National Police
.

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាចំនួន០៣នាក់ ករណីលួចម៉ាស៊ីនគោយន្ត ប្រជាពលរដ្ឋនៅស្រុកថ្មគោល

Loading

បាត់ដំបង៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១១និង៣០នាទី នៅចំណុចវាលស្រែខាងកើតភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួច (ម៉ាស៊ីនគោយន្តកន្ត្រៃ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វេីសកម្មភាពលួចម៉ាស៊ីនគោយន្តកន្ត្រៃរបស់ជនរងគ្រោះ ឈ្មោះ ស៊ូន សុធា ភេទប្រុសអាយុ៣៩ឆ្នាំ មានទីលំនៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ខណៈពេលដែលខ្លួនយកមកបូមទឹក កាលពីវេលាម៉ោង០០:១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ។

ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កំលាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាពូង នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩,០០នាទីព្រឹក ទើបកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យ ០៣នាក់ ១.ឈ្មោះ ធាម ធូ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិប៉ោយសំរោង ឃុំតាពូងស្រុកថ្មគោល ខេត្តបាត់ដំបង, ២.ឈ្មោះ ថន ភាស់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង និង៣.ឈ្មោះ ចាន់លីន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ។

ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពលួចយក របស់ជនរងគ្រោះពិតប្រាកដមែន ។ វត្ថុតាងដកហូតបានរួមមាន៖
-ម៉ាស៊ីនគោយន្តកន្ត្រៃ ពណ៌ក្រហម ម៉ាកយ៉ាន់ម៉ា ចំនួន០១គ្រឿង ។
-ម៉ូតូ០១គ្រឿងម៉ាក msx ពណ៌ស ក្បាលម៉ូតូពណ៌ក្រហម ស៊េរី២០១៧ គ្មានស្លាកលេខ ។
-រទេះអូសចំនួន០១ ។

ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុកថ្មគោលសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕