បាត់ដំបង៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៩:៥៥នាទី នៅចំណុចភូមិបាណង់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដឹកនាំដោយលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៦៤៦ តព្រ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ របស់លោក ឡេង សុវណ្ណារិទ្ធិ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ សា ហាលីម ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នភូមិបាណង់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង បទល្មើសដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។
ពេលកំពុងចុះអនុវត្ត សមត្ថកិច្ចបានឆែកឆេររកឃើញវត្ថុតាងបន្ថែមរួមមាន៖ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង, ថង់សម្រាប់ច្រកចែករំលែក និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន, ទូរសព្ទដៃម៉ាក Tecno ពណ៌ទឹកមាស ចំនួន០១គ្រឿង ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានបញ្ជូនខ្លួនពិរុទ្ធជនខាងលើ ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕