ខេត្តកំពត ៖ ថ្ងៃព្រហស្បតិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានរៀបចំកងកម្លាំងនគរបាលខេត្ត ដើម្បីត្រៀមកម្លាំងឱ្យបានគ្រប់គ្រាន់ ក្នុងការការពារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ សុខសុវត្ថិភាពសង្គមជូនបងប្អូនប្រជាពលរដ្ឋក្នុងទូទាំងខេត្តកំពត។ ពិសេសត្រូវយកចិត្តទុកដាក់ក្តាប់សភាពការណ៍ និងប្រមូលព័ត៌មាននានា ដែលពាក់ព័ន្ធអសន្តិសុខសង្គម សកម្មភាពភេរវកម្ម សកម្មភាពចលាចលសង្គម ដើម្បីមានវិធានការទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព នៅតាមមូលដ្ឋានខ្លួនទទួលខុសត្រូវ។ ចៀសវាងនូវការយល់ច្រឡំពីជនអគតិញុះញង់ បង្កឱ្យមានចលាចលមួយចំនួនដល់សង្គម ហើយក្នុងនាម លោកឧត្តមសេនីយ៍ទោស្នងការ ជំនួសមុខឱ្យកងកម្លាំងទាំងអស់សូមអះអាងច្បាស់ៗ សូមប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារជូនចំពោះប្រមុខរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសូមសន្យាថាធ្វើឱ្យបានអំពី ភូមិឃុំមានសុវត្ថិភាពល្អប្រសើរ ហើយក៏បានត្រៀមកងកម្លាំងប្រចាំការ ២៤/២៤ម៉ោង ការពារសន្តិសុខសង្គមជូនប្រជាជនកម្ពុជា ៕