General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ដាក់បទបញ្ជាឱ្យកងកម្លាំងទាំងអស់ ប្រើវិធានការជំនាញ និងវិធានការច្បាប់ បង្រ្កាបឱ្យខានតែបានចំពោះជនណាប្រព្រឹត្តបទល្មើស តាមរូបភាព

Loading

កំពង់ចាម៖ នៅរសៀលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែកក្ដដា ឆ្នាំ២០២៤ លើកទិសដៅអនុវត្តបន្ដ និងផ្សព្វផ្សាយគោលការណ៍ណែនាំសំខាន់ៗ របស់ថ្នាក់ដឹកនាំ ដើម្បីយកទៅអនុវត្តការងារចំពោះមុខ ។ ដោយកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកស្នងការរង, លោកអនុប្រធានផែន, លោក-លោកស្រី នាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុក-ក្រុង លោក-លោកស្រី អធិការរង ទទួលដឹកនាំផែននគរបាលយុត្តិធម៌, សន្តិសុខ, ប្រឆាំងគ្រឿងញៀន និងអត្តសញ្ញាណកម្ម និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ ឃុំ/សង្កាត់ ។

ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ស្នងការ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុតចំពោះកងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ត្រូវធានាឱ្យបាននូវកិច្ចការពារ សុខសន្ដិភាព សន្តិសុខជាតិ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ជូនជាតិ និងប្រជាជនគ្រប់កាលៈទេសៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ និងត្រូវប្រឆាំងដាច់ខាតចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយត្រូវប្រើប្រាស់វិធានការច្បាប់តាមនីតិវិធីជំនាញ និងតាមរូបភាព “ងើបមួយវាយមួយ ងើបពីរវាយពីរ “។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ស្នងការ បានចាត់តាំងឱ្យលោកស្នងការរងទទួលដឹកនាំស្រុក/ក្រុង ទាំង១០ ត្រូវចុះដឹកនាំកម្លាំងជំនាញនៅតាមអធិការដ្ឋាន សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីគ្រប់គ្រងសភាពការណ៍ និងចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមខ្នង់ផ្ទះឱ្យបានផុសផុល ដើម្បីកុំឱ្យជឿតាមឧបាយកលញុះញង់ ពីក្រុមជ្រុលនិយមក្នុងប្រទេស និងក្រៅប្រទេស ញុះញង់ដល់ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ តាមគ្រប់រូបភាព ក្នុងចេតនាបង្កអសន្តិសុខ អស្ថិរភាព និងមានគោលបំណងប្រមូលផ្ដុំគ្នាជាឈ្នួនជំរុញចលនាអនុវត្តផែនការធ្វើកុប្បកម្ម បះបោរ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ៕