រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំប្រជុំក្រុមការងារបច្ចេកទេស នៅអគារទីស្ដីការក្រសួងមហាផ្ទៃ ពាក់ព័ន្ធការងារត្រៀមរៀបចំកិច្ចប្រជុំទ្វេភាគីលើកទី៤ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គស្នងការដ្ឋាននគរបាលភូមិន្ទថៃ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីប្រធានសេនាធិការដ្ឋាន នាយកមន្ទីរប្រឆាំងគ្រឿងញៀន ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នាយការិយាល័យនគរបាលអន្តរជាតិ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នាយការិយាល័យកិច្ចការបរទេស និងមន្ត្រីពាក់ព័ន្ធសរុប ១៧រូប៕