ខេត្តតាកែវ៖ នារសៀលថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមានរៀបចំកិច្ចប្រជុំការងារសន្តិសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញទាំង៣២ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការ អធិការរងទទួលផែនការងារ ព្រហ្មទណ្ឌ សន្តិសុខ និងអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង១០ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ២៥៨នាក់ ស្រី ១៩នាក់។
ថ្លែងក្នុងកិច្ចប្រជុំនោះលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានណែនាំផ្តាំផ្ញើ និងសង្កត់ធ្ងន់ថា: ក្នុងនាមជាកម្លាំងនគរបាលជាតិត្រូវប្តេជ្ញា ការពារ សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមឲ្យខាងតែបានជូនរាជរដ្ឋាភិបាលស្របច្បាប់។
ដោយសង្កេតឃើញថាពេលថ្មីៗកន្លងទៅនេះមានជនអគតិជ្រុលនិយមមួយចំនួនតូចញ៉ុះញ៉ុងឲ្យប្រជាពលរដ្ឋប្រមូលផ្តុំគ្នាតវ៉ាក្រោមរូបភាពចោទប្រកាន់រាជរដ្ឋាភិបាលយកលេសថាបានកាត់ទឹកដីឲ្យបរទេស ព្រមទាំងអំពាវនាវគៀងគរឲ្យប្រជាជនធ្វើបាតុកម្ម កូដកម្មទំលាក់រាជរដ្ឋាភិបាលចេញពីតំណែង។ ជាមួយគ្នានេះលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដល់លោកអធិការនគរបាលក្រុង ស្រុក អង្គភាពពាក់ព័ន្ធចំណុះស្នងការនគរបាលខេត្តទាំងមូល ត្រូវតែពង្រឹងការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវឲ្យបានល្អ។ ដោយធ្វើការផ្សព្វផ្សាយអប់រំណែនាំអំពីល្បិចកល់របស់បក្សពួកជ្រុលនិយមមួយក្តាប់តូចបង្ករភាពចលាចលអស្ថេរភាពសន្តិសុខឲ្យបញ្ឈប់ជាបន្ទាន់។ ត្រូវគ្រប់គ្រងមុខសញ្ញាទាំងឡាយណាដែលជាមេខ្លោង ឫសមាជិកប្រមូលផ្តុំគ្នាតវ៉ាខុសច្បាប់ដោយប្រើវិធានការត្រួតពិនិត្យរដ្ឋបាល។ ត្រៀមកម្លាំងនគរបាលខេត្ត ក្រុង ស្រុកប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនូវហ្នឹងកន្លែងចេញល្បាតចល័ត ដើម្បីបង្ការទប់ស្កាត់បង្រ្កាបរាល់បទល្មើសកើតឡើងជាយថាហេតុ៕