General Commissariat of National Police
.

លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ដឹកនាំ​ប្រជុំ​ពង្រឹង​ ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ សុវត្ថិភាព​សង្គម​ និង​ការងារ​ភូមិ​ ឃុំ​ សង្កាត់​ មាន​សុវត្ថិភាព​

Loading

បន្ទាយ​មាន​ជ័យ​៖​ លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០២៤​នេះ​ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​ការងារ​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ សុវត្ថិភាព​សង្គម​ និង​ការងារ​ភូមិ​ ឃុំ​ សង្កាត់​មាន​សុវត្ថិភាព​ ដល់​កងកម្លាំង​នគរបាល​ទូ​ទាំង​ខេត្ត​។​

កិច្ចប្រជុំ​នេះ​ មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ លោកស្រី​ ឧត្តម​សេនិយ៍​ត្រី​ វរសេនីយ៍​ ស្នងការ​រង​ លោកនាយ​ការិយាល័យ​ជំនាញ​ លោក​អធិការ​គ្រប់​ក្រុង​ស្រុក​ទាំង​៩​ មេបញ្ជាការ​ មេបញ្ជាការ​រង​ វរ​ការពារ​ព្រំដែន​គោក​ទាំង​៤​ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​៦៧​ឃុំ​ សង្កាត់​ លោកនាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ ទាំង​៣២​ផង​ដែរ​។​
​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​ លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ បាន​ដាក់​ចេញ​នូវ​ផែនការ​ដល់​កងកម្លាំង​នគរបាល​ដូច​តទៅ​នេះ​៖​
-​ជម្រុញ​អនុវត្តន៍​គោលនយោបាយ​ភូមិ​/​ឃុំ​/​សង្កាត់​មាន​សុវត្ថិភាព​ ឲ្យ​បាន​សកម្ម​ផុសផុល​ និង​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​មុខសញ្ញា​គ្រប់​ប្រភេទ​ បង្ក្រាប​គ្រប់​បទល្មើស​ព្រហ្មទណ្ឌ​ ក្មេង​ទំនើង​ និង​ការ​ប្រមូលផ្តុំ​តវ៉ា​ផ្សេងៗ​ ។​
-​ត្រូវ​បង្កើន​សកម្មភាព​ក្តាប់​ពី​សភាពការណ៍​ និង​ប្រមូល​ព័ត៌មាន​ ទាក់ទង​ឧបាយកល​បែប​ផែនការ​សកម្មភាព​ គ្រប់​រូបភាព​របស់​កម្លាំង​អមិត្ត​ ក្នុង​គោលបំណង​ ញុះញុង​ គៀងគ​ប្រមូលផ្តុំ​កម្លាំង​ ធ្វើ​កម្ម​ភាព​ប្រឆាំង​និង​រាជរដ្ឋាភិបាល​ស្របច្បាប់​ ក្នុង​ដំណើរការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ កម្ពុជា​ ឡាវ​ វៀតណាម​(DTA)​។​
​-​ពង្រឹង​កងកម្លាំង​កងអនុសេនាតូច ​តាម​អធិការដ្ឋាន​នគរបាល​ក្រុង​/​ស្រុក​ ដើម្បី​ធានា​ដល់​ការ​គាំទ្រ​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​។​
-​កម្លាំង​អធិការ​នគរបាល​ក្រុង​/​ស្រុក​ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ ធ្វើ​សកម្មភាព​ឃោសនា​ឲ្យ​បាន​សកម្ម​ ដើម្បី​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​ ពាក់ព័ន្ធ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ ឡាវ​ វៀតណាម​(DTA)​។​
-​ត្រូវ​ធ្វើការ​ប្រមូល​កម្លាំង​ ប្រជុំ​ដាក់​ផែនការ​ពង្រឹង ​លើ​ការងារ​ការពារ​បូរណៈភាព​ទឹកដី​ ការងារ​ការពារ​សន្តិសុខ​ព្រំដែន​ រក្សា​សន្តិសុខ​នយោបាយ​ បង្កា​រាំង​ស្កាត់​រាល់​សកម្មភាព​រំលោភ​បំពាន​ និង​ការ​វិវាទ​ផ្សេងៗ​។​
-​បន្ត​ពង្រឹង​ការ​ផ្តល់​សេវា​សាធារណៈ​ និង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ជូន​ពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា​ ពិសេស​សិស្សានុសិស្ស​ដែល​ទើប​គ្រប់​អាយុ​១៥​ឆ្នាំ​ ។​
-​ត្រូវ​បន្ត​ពង្រឹង​សាមគ្គីភាព​ និង​ឯកភាព​ផ្ទៃក្នុង​តាម​អង្គភាព​ឲ្យ​បាន​រឹង​មាំ​និង​មាន​កិច្ចសហការ​ល្អជា​មួយ​បណ្តា​អង្គភាព​នានា​និង​អាជ្ញាធរ​មូលដ្ឋាន​ ៕​