General Commissariat of National Police
.

កម្លាំងនគរបាលខណ្ឌកំបូល បន្តសហការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅផ្លូវជាតិលេខ៣

Loading

រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាលខណ្ឌកំបូល បានបន្តសហការចុះដាក់គោលដៅអនុវត្តត្រួតពិនិត្យជាតិស្រវឹងចំពោះអ្នកបើកបរយានយន្ត រកឃើញអ្នកល្មើសជាតិស្រវឹងចំនួន ០១គ្រឿង ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានឲ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការជាមួយកម្លាំងនគរបាលការិយាល័យជំនាញមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តចុះដាក់គោលដៅរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសត្រួតពិនិត្យចំពោះអ្នកបើកបរយានយន្តក្រោមឥទ្ធិពលជាតិស្រវឹងនៅវេលាម៉ោង២៣ និង០០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ដល់ម៉ោង០២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅចំណុចមុខរដ្ឋបាលភ្លើងឆេះរទេះ ផ្លូវជាតិលេខ៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ដែលមានកម្លាំងចូលរួមសរុបចំនួន ២៥នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា លោកឧត្តមសេនីយ៍ត្រី ហ៊ុន សុធី ជាស្នងការរង និងលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ ជាអធិការនគរបាលខណ្ឌកំបូល។

របាយការណ៍បញ្ជាក់បន្ថែមថា ៖ លទ្ធផល នៃកិច្ចសហប្រតិបត្តិការយានយន្តឆ្លងកាត់គោលដៅមានចំនួន ៧០គ្រឿង ក្នុងនោះរថយន្តល្មើសជាតិស្រវឹងចំនួន ០១គ្រឿង។

របាយការណ៍ខណ្ឌកំបូលក៏បានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា ៖ រថយន្តល្មើសចំនួន ០១គ្រឿង ត្រូវបានធ្វើការរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីតម្រូវឲ្យម្ចាស់រថយន្តចូលខ្លួនផាកពិន័យ។

ជាមួយគ្នានេះផងដែរលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល ក៏បានធ្វើការកត់សម្គាល់ឲ្យឃើញថាករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងគួរឲ្យបារម្មណ៍បំផុត។ លោកអធិការ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បើស្រវឹងកុំបើកបរ និងចូលរួមសហការជាមួយក្រុមសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងជាតិស្រវឹងនៅតាមបណ្តាគោលដៅប្រយោជន៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕