ខេត្តបាត់ដំបង ៖ កាលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៩ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ បានទទួលព័ត៌មានពីប្រជាពលរដ្ឋបានប្តឹងរាយការណ៍ដល់សមត្ថកិច្ចថា ៖ មានសកម្មភាពក្រុមក្មេងទំនើងចំនួន ០១ក្រុម ដែលបានធ្វើសកម្មភាពដេញប្រតាយប្រតប់គ្នា នៅចំណុចភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីវេលាម៉ោងប្រហែល១៨ និង៤៥នាទី ក្រោយពេលធ្វើសកម្មភាពរួចក្រុមក្មេងទំនើងបានរត់គេចខ្លួនបាត់ ។
ក្រោយពីបានទទួលពត៌មានពីប្រជាពលរដ្ឋ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុកសំពៅលូន ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក បានចុះធ្វើការស្រាវជ្រាវរហូតវេលាម៉ោង១៣ និង២០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ទើបកំណត់អត្តសញ្ញាណក្រុមក្មេងទំនើង បង្កហិង្សាដោយចេតនា ឃាត់ខ្លួនក្រុមក្មេងទំនើងបាន ០៨នាក់ នាំខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ។
ក្រោយពេលសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាព ៖ ពួកខ្លួនមុនពេលកើតហេតុមានក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគប់មកលើបក្ខពួករបស់ខ្លួន នៅចំណុចមុខវត្តដំណាក់ក្សាន្ត បន្ទាប់ពីមានសកម្មភាពរួចមក ពួកខ្លួនក៏បានជិះម៉ូតូទៅយកកាំបិតដាវសាំម៉ូរ៉ៃចំនួន ០១ ដើម ពីផ្ទះរបស់ឈ្មោះ រ៉េត រុងរឿង ហៅយឿង ភេទប្រុស អាយុ ប្រហែល ១៩ឆ្នាំនៅចំណុច ភូមិអូរចំណិប ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយជិះម៉ូតូទៅធ្វើសកម្មភាពនៅចំណុចភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង លុះទៅដល់កន្លែងកើតហេតុពួកខ្លួន បានឃើញថាមនុស្សចំនួន ០៣នាក់ ដែលសង្ស័យនោះ មិនមែនជាក្រុមជនសង្ស័យដែលធ្វើសកម្មភាពគប់មកលើបក្ខពួកខ្លួននោះទេ ទើបពួកខ្លួនជិះម៉ូតូត្រឡប់ទៅមូលដ្ឋានរៀងខ្លួនវិញ ។
វត្ថុតាងដកហូតបានរួមមាន ៖ កាំបិតដាវសាំម៉ូរៃ ចំនួន ០១ដើម, ដុំថ្មចំនួន ០២ដុំ,ម៉ូតូចំនួន ០៣គ្រឿង និងទូរសព្ទ័ដៃចំនួន ០៣គ្រឿង ។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕