កំពង់ចាម ៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកម្មវិធី សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្ត។
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងស្រុក-ក្រុង ទាំង១០ ។
ក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានរាយការណ៍ នូវលទ្ធផលបូកសរុបការងារ ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព ជូនអង្គពិធី ដូចខាងក្រោម:
១-ការបង្ក្រាបសកម្មភាពក្មេងទំនើង ចំនួន៤០លើក ឃាត់ខ្លួន១៦៧នាក់ ដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ
បង្កភាពអនាធិបតេយ្យ បង្ហោះម៉ូតូ និងដាក់បំពង់ស៊ីមាំងកែច្នៃសម្លេង ដោយអនុវត្តវិធានការ បីគឺ វិធានការអប់រំ, វិធានការរដ្ឋបាល និងវិធានការច្បាប់ ។ ក្នុងនោះ អប់រំ ១៩នាក់ និង បញ្ជូនទៅតុលាការ ២១នាក់ និងបានដកហូត ម៉ូតូមករក្សាទុកនៅអធិការដ្ឋាន រយៈពេល ៣ខែ ១៣គ្រឿង និងរយៈពេល ៦ខែ ១គ្រឿង។
២-ការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ចំនួន ៣០លើក ឃាត់ខ្លួន ១៥០នាក់ ដូចជាករណីជល់មាន់, លេងកន្ទុយលេខ, លេងបៀរ, អាប៉ោង ជាដើម ព្រមទាំងដកហូតមធ្យោបាយ ឧបករណ៍ សម្ភារ ដែលជាភស្ដុតាង កសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់ ។
លោកឧត្តមសេនីយ៍ បានថ្លែងទៀតថា សម្រាប់ទិសដៅបន្ដ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងបន្ដខិតខំយកចិត្តទុកដាក់ប្រកបដោយស្មារតីខ្ពស់បំផុត លើកិច្ចការ ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ចាម ឱ្យទទួលបានភាពកក់ក្តៅដល់ការរស់នៅប្រកបដោយសុខដុមរមនា និងមានទំនុកចិត្តមកលើអាជ្ញាធរគ្រប់ជាន់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបាននឹងកំពុងយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព ស្ថេរភាព បានយ៉ាងល្អ និងធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើមូលដ្ឋាន ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានលើកយកសំណូមពរ ស្នើឱ្យគ្រប់សមាសភាពពាក់ព័ន្ធ បន្ដជំរុញការ ចូលរួមការអភិវឌ្ឍន៍គោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែផុលផុស និងកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ផងដែរ ៕