មណ្ឌលគិរី ៖ នៅព្រឹក ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ គណ:ប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ជាប្រធានគណ:ប្រតិភូ និងប្រតិភូអមដំណើរ បានដឹកនាំគណ:ប្រតិភូ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ កិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែន ប្រចាំឆមាសទី២ ឆ្នាំ២០២៤ និងលើកទិសដៅកិច្ចសហប្រតិបត្តិការឆមាសទី១ ឆ្នាំ២០២៥ រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី (កម្ពុជា) ជាមួយស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់ សាធារណរដ្ឋសង្គមនិយម(វៀតណាម)។
ភាគី(កម្ពុជា)ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ព្រមទាំង លោក លោកស្រីស្នងការរង លោកមេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោក លេខ៣០៣ លោកអធិការអធិការរង ព្រមទាំងសមាជិគប្រតិភូអមដំណើរជាច្រើនរូបទៀត។
ភាគីវៀតណាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឡេ វីញគ្វី ស្នងការនគរបាល ខេត្តដាក់ឡាក់ សាធារណរដ្ឋសង្គមនិយម វៀតណាម ។ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកបានលើកសំណូមពរ សុំឱ្យខាងភាគីវៀតណាម បន្តជួយសហការទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆ្លងដែនចេញចូលខុសច្បាប់គ្រប់ប្រភេទ បទល្មើសគ្រឿងញៀនគ្រប់ប្រភេទ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។ សុំឱ្យខាងភាគីវៀតណាម បន្តសហការគ្នាបន្ថែមទៀត បង្ការទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់ ។
ភាគីវៀតណាមក៏បានឯកភាព លើរបាយការណ៍ប្រជុំ និងបានព្រមព្រៀងសហការគ្នារួមគ្នាទប់ស្កាត់លុបបំបាត់ បទល្មើសឆ្លងដែនគ្រប់ប្រភេទជាពិសេស បទល្មើសគ្រឿងញៀន បទល្មើសឆ្លងដែនខុសច្បាប់ ទៅវិញទៅមករវាងភាគីទាំងពីរ ។
មុននិងបញ្ចប់ ភាគីទាំងពីរបានឯកភាពគ្នា លើកំណត់ហេតុលើកិច្ចព្រមព្រៀង និងបានចុះហត្ថលេខា លើកំណត់ហេតុ នៃកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ តំបន់ព្រំដែន ប្រចាំឆមាសទី២ឆ្នាំ២០២៤ និងលើកទិសដៅកិច្ចសហប្រតិបត្តិការឆមាសទី១ ឆ្នាំ២០២៥ ព្រមទាំងបានជូនកាដូរ អនុស្សាវរីយ៍ទៅវិញទៅមករវាងភាគីទាំងពីរ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ទីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តដាក់ឡាក់ និងស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ។ ក្នុងភាពស្និទិ្ធស្នាលជាទីបំផុតរវាងភាគី នៃថ្នាក់ដឹកនាំ នៃខេត្តទាំងពីរនៃប្រទេសទាំងពីរ ឆ្លៀតពេលវេលាដ៏មានតម្លៃនាពេលនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត នៅពេលវិលត្រឡប់មកវិញ លោកក៏បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនទៅដល់មន្ត្រីនគរបាល ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន (កម្ពុជា-វៀតណាម) ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំងពីរ នាឱកាសនោះផងដែរ៕