General Commissariat of National Police
.

ឯកឧត្តម យិត ស៊ុនណារ៉ា ណែនាំឱ្យលោក តាតសុវណ្ណ នាយកថ្មីសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងត្រូវបន្តដឹកនាំដោយប្រសិទ្ធភាព

Loading

ខេត្តស្ទឹងត្រែង:ឯកឧត្តមសាស្ត្រាចារ្យ យិត ស៊ុនណារ៉ា រដ្ឋលេខាធិការ ក្រសួងសុខាភិបាលថ្លែងបែបនេះក្នុងពិធីប្រកាសតែងតាំងមុខតំណែងនាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងនាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ។

ពិធីនេះប្រព្រឹត្តទៅដោយមានការចូលរួមពីឯកឧត្តមសរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងនិងឯកឧត្តមឈាង ឡាក់ ប្រធាននិងសមាជិកក្រុមប្រឹក្សាខេត្តនិងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង គ្រប់ថ្នាក់ ជុំវិញរដ្ឋបាលខេត្តស្ទឹងត្រែង និងនិស្សិតសរុបជិត១០០០នាក់។

ក្នុងឱកាសនោះឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ដោយធ្វើការវាយតម្លៃនិងកោតសរសើរចំពោះការរួមចំណែកបាននូវការបណ្តុះបណ្ដាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ហើយលោកក៏លើកឡើងពីអនុស្សាវរីយ៍ពីវិរភាពរបស់ក្រុមគ្រូពេទ្យដែលជាទ័ពអាវសក្នុងការតស៊ូប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលស្ថានការដ៏លំបាកបំផុត និងសូមអបអរសាទរ ផ្តាំផ្ញើដល់លោក តាត សុវណ្ណ ដែលបានចាកចេញពីសាលាមកបម្រើការងារនៅទីនេះរយកាលជាង២០ឆ្នាំ សូមបន្តការខិតខំប្រឹងប្រែង សម្របសម្រួល ផ្សារភ្ជាប់អង្គភាពជុំវិញខេត្ត ដឹកនាំសាលាឱ្យបន្តរីកចម្រើន ទំនើប ទាន់សម័យ ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ក្លាយជាអង្គភាពគំរូ។

សាស្រ្តាចារ្យជំនួយ វេជ្ជបណ្ឌិត តាត សុវណ្ណ បានថ្លែងអំណរគុណ ដឹងគុណ ដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងខេត្តស្ទឺងត្រែងនិងបានប្តេជ្ញាគោរពអនុវត្តម៉ឺងម៉ាត់ចំពោះរដ្ឋធម្មនុញ្ញ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ខេត្តស្ទឹងត្រែង ពង្រឹងសាមគ្គីភាព ឯកភាព តម្លាភាព គុណភាព ការបង្កើតថ្មី ប្រសិទ្ធភាពការងារ។

ក្នុងនាមឯកឧត្តមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា រដ្ឋមន្ត្រី ក្នុងឱកាសនោះ ឯកឧត្តម យិត ស៊ុនណារ៉ាបានថ្លែងសាទរចំពោះសមិទ្ធផលក្រោមការដឹកនាំរបស់នាយកសាលាចាស់ ឱសថការី តឹក ឡេងស៊ឺ និងបានណែនាំដល់នាយកសាលាថ្មី វេជ្ជបណ្ឌិត តាត សុវណ្ណ ឱ្យបន្តខិតខំថែរក្សាពូនជ្រុំ រក្សានូវស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ចំណេះដឹងដល់និស្សិតទាំងអស់ ឲ្យទទួលបាននូវចំណេះដឹងនិងមានក្រោមសីលធម៌វិជ្ជាជីវៈខ្ពស់ទាំងនៅក្នុងការរៀនសូត្រក្នុងសាលាក៏ដូចជាពេលចប់ត្រឡប់ទៅបម្រើការងារនៅតាមមូលដ្ឋានរបស់ខ្លួនវិញក្លាយជាធនធានដ៏មានគុណភាព ប្រសិទ្ធភាព ស័កសិទ្ធភាព ចូលរួមលើកតម្កើងដល់វិស័យសុខាភិបាល៕