General Commissariat of National Police
.

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ចាត់តំណាងនាំយកសារលិខិតរំលែកទុក្ខ និងបច្ច័យជូនឯកឧត្តម មាស សុភា ចំពោះមរណភាពមហាឧបាសិកា គង់ លាន់ ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម

Loading

កំពត ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសារលិខិតរំលែកទុក្ខ ព្រមទាំងបច្ច័យជូនឯកឧត្តម មាស សុភា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះមរណភាព មហាឧបាសិកា គង់ លាន់ ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម ស្ថិតនៅគេហដ្ឋានភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ តាងនាមឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងកងកម្លាំងនគរបាលជាតិ មានសេចក្ដីក្តុកក្តួលសោកស្តាយជាអនក ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំអំពីមរណភាពរបស់មហាឧបាសិកា គង់ លាន់ កាលពីថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់ មហាឧបាសិកា គង់ លាន់ គឺជាការបាត់បង់នូវ ម្តាយ ម្តាយក្មេក ជីដូន និងជីទួតជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលបានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គចិញ្ចឹមបីបាច់ថែរក្សា និងអប់រំណែនាំផ្ដល់ដំបូន្មានធ្វើឱ្យ កូន-ចៅបានក្លាយជាបញ្ញវន្ត និងជាថ្នាក់ដឹកនាំ ដែលមានស្នាដៃក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ។ ម្យ៉ាងវិញទៀតមរណភាពរបស់ មហាឧបាសិកា គង់ លាន់ ក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏គំរូ ដែលតែងតែជួយគាំទ្រ និងឧបត្ថម្ភដល់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ ក្នុងនាមកងកម្លាំងនគរបាលជាតិ សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិស ដល់គុណបុណ្យព្រះរតនត្រ័យ ជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកា គង់ លាន់ សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បាននាំយកសារលិខិតរំលែកមរណទុក្ខ និងបច្ច័យចំនួន ២.០០០.០០០រៀល របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនឯកឧត្តម មាស សុភា និងបានចុះហត្ថលេខាលើសៀវភៅក្រាំងមាសទុកជាកិច្ចចុងក្រោយ នៃពិធីគោរពវិញ្ញាណក្ខន្ធ៕