រាជធានីភ្នំពេញ ៖ យានយន្តល្មើសបើកបរក្រោមឥទ្ធិពលជាតិស្រវឹងចំនួន ៩គ្រឿង ត្រូវបានកម្លាំងចម្រុះធ្វើការឃាត់រក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ កាលពីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ដើម្បីធ្វើការផាកពិន័យអនុវត្តតាមច្បាប់។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការជាមួយកម្លាំងនគរបាលការិយាល័យជំនាញមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តចុះដាក់គោលដៅរឹតបណ្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសត្រួតពិនិត្យលើអ្នកបើកបរយានយន្តក្រោមឥទ្ធិពលជាតិស្រវឹងនៅវេលាម៉ោង២៣ និង០០នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ដល់ម៉ោង០២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នៅចំណុចមុខសាលាអន្តរជាតិប្រាយឡាញ លើបណ្តោយផ្លូវបេតុងព្រៃស ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលមានកម្លាំងចូលរួមសរុបចំនួន ៤០នាក់ កម្លាំងនគរបាលខណ្ឌដង្កោចំនួន ១៩នាក់ និងកម្លាំងមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ២១នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ គ្រឹស្នា ស្នងការរង និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ និងចុះអនុវត្តដឹកនាំដោយផ្ទាល់លោកវរសេនីយ៍ទោ អែល សំណាង នាយរងការិយាល័យចរាចរណ៍ផ្លូវគោក លោកវរសេនីយ៍ទោ អ៊ូច សុខដូរ៉ា លោកវរសេនី យ៍ទោ ស៊ិន កុសល ជាអធិការរងខណ្ឌដង្កោ ។
របាយការណ៍បញ្ជាក់បន្ថែមថា ៖ លទ្ធផល នៃកិច្ចសហប្រតិបត្តិការយានយន្តឆ្លងកាត់គោលដៅមានចំនួន ៩៧គ្រឿង ក្នុងនោះយានយន្តល្មើសជាតិស្រវឹង ០៩គ្រឿង (រថយន្តចំនួន ៣គ្រឿង និងម៉ូតូចំនួន ៦គ្រឿង) ល្មើសជាតិអាកុលកម្រិត០.៤០mg/Lឡើង ។
របាយការណ៍ខណ្ឌដង្កោក៏បានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា ៖ យានយន្តចំនួន ៩គ្រឿងនេះ ត្រូវបានរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីតម្រូវឲ្យម្ចាស់យានយន្តទាំងនោះចូលខ្លួនដោះស្រាយ និងបង់ផាកពិន័យ។
ជាមួយគ្នានេះផងដែរ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលដង្កោ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយនឹងក្រុមសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងជាតិស្រវឹងនៅតាមបណ្តាគោលដៅប្រយោជន៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕