(Reuters)- កាលពីថ្ងៃសៅរ៍ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងដោះលែងអ្នកទោសចំនួន ៥.៨៦៤នាក់ ដោយមានជនបរទេសចំនួន ១៨០នាក់ នៅថ្ងៃប្រារព្ធទិវាឯករាជ្យរបស់ប្រទេស។
ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីដើមឆ្នាំ២០២១ នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត និងបានបង្ក្រាបដោយហឹង្សាទៅលើអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ បង្កឱ្យមានការបះបោរប្រដាប់អាវុធទូទាំងប្រទេស។
របបយោធាបាននិយាយថា ខ្លួននឹងរៀបចំការបោះឆ្នោតនៅឆ្នាំនេះ ប៉ុន្តែផែនការនេះត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយដោយក្រុមប្រឆាំងថាជារឿងគួរឱ្យខ្មាស់។ ក្នុងចំណោមអ្នកដែលនៅតែជាប់គុកដោយរបបយោធា គឺអតីតមេដឹកនាំប្រទេសគឺម្ចាស់ពានរង្វាន់ណូបែលលោកស្រីអ៊ុងសាន ស៊ូជី។
លោកស្រីមានអាយុ ៧៩ឆ្នាំ ត្រូវបានកាត់ទោសជាប់ពន្ធនាគាររ ២៧ឆ្នាំ ដោយមានបទចោទប្រកាន់ព្រហ្មទណ្ឌចំនួន ១៤រាប់ចាប់ពីការញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ។ ប៉ុន្តែលោកស្រីបដិសេធរាល់ការចោទប្រកាន់ នេះបើយោងតាមមេធាវីរបស់លោកស្រី។