ខេត្តតាកែវ៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងទី១២ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត មានរៀបចំពិធី បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញក្បួននីតិវិធីប្រតិបត្តិការ របស់មន្ត្រីនគរបាលយុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោក ដល់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត ។
ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ នឹងសណ្តាប់ធ្នាប់សាធារណៈ និងលោកវរសេនីយ៍ឯក ប៉ុន សំអុលឧត្តម ស្នងការរង ផែនការងារសណ្តាប់ធ្នាប់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីៈ លោកវរសេនីយ៍ អនុសេនីយ៍ ជាក្រុមការងារ លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ លោក លោកស្រី នាយ នាយរងផ្នែ និងមន្រ្តីការិយាល័យចរាចរណ៍ផ្លូវគោក លោកអធិការរង លោកនាយផ្នែក ចរាចរណ៍ផ្លូវគោកតាមបណ្តាស្រុក ក្រុង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំង១០០ប៉ុស្តិ៍ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តសរុបចំនួន ២៥១នាក់ ស្រីចំនួន ២១នាក់។ មានមតិសំណេះសំណាល ក្នុងពិធីបើកវគ្គបំប៉ន ជំនាញក្បួននិតិវិធីប្រតិបត្តិការ ដល់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ព្រមទាំងបានផ្តាំផ្ញើនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ អនុប្រធាននាយកដ្ឋានចរាចរណ៍ និងលោក វរសេនីយ៍ឯក ស្នងការរង សូមកោតសរសើចំពោះសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមវគ្គសិក្សាខ្លីក្នុងថ្ងៃនេះ ត្រូវតែយកចិត្តទុកដាក់ខិតខំត្រង់ត្រាប់ស្តាប់ ដើម្បីក្រេបជញ្ជក់នូវបទពិសោធ បង្ហាញរបស់លោកគ្រូឧន្ទេសនាម ក៏ដូចជាមន្រ្តីបច្ចេកទេស យកទៅអនុវត្តឲ្យចំទិសដៅ និងមានប្រសិទ្ធភាពលើការងារជំនាញប្រចាំថ្ងៃ ទទួលបានជោគជ័យក្នុងវគ្គសិក្សានេះផងដែរ៕