កំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការ ជួបពិនិត្យគ្រឿងញៀនខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថាដោយមានការចូលរួមគាំទ្រ ពីកម្លាំងនគរបាល ស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ និងអ្នកពាក់ព័ន្ធយើងបានចូលរួមផ្សព្វផ្សាយ ក្នុងពិធីតាំងពីពណ៌ដើម្បី អបអរសាទរឆ្លងឆ្នាំថ្មីសាកល២០២៥។
បណ្ឌិត តូច ប៉ូលីវ៉ា បានប្រាប់ឱ្យដឹងពីគោលបំណងថា គឺដើម្បីលើកកម្ពស់ការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន ដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ក៏ដូចជាសាធារណជន ដែលមកទស្សនាខេត្តកំពង់ស្ពឺ ទាំងអស់ពីបញ្ហាគ្រឿងញៀន ក៏ដូចជាApp NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីពួកគាត់បានដឹងកាន់តែច្បាស់ ហើយពួកគាត់អាចចូលរួមជាមួយ អាជ្ញាធរមូលដ្ឋាន ក្នុងការបង្ការទប់ស្កាត់ បញ្ហាគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ពួកគាត់។
ក្នុងនាម ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល និងជាប្រធានគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ស្ពឺ បណ្ឌិត តូច ប៉ូលីវ៉ា សូមថ្លែងអំណរគុណ និងកោតសរសើរដល់កម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធរបស់យើង ដែលបានចូលរួមសកម្មភាពផ្សព្វផ្សាយ លើកកម្ពស់ចំណេះដឹងពាក់ព័ន្ធ នឹងបញ្ហាគ្រឿងញៀននិង App NoDrug នេះ ។
ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានជម្រាបជូនផង ដែរថាការផ្សព្វផ្សាយនេះ យើងធ្វើជាលក្ខណៈទូទៅគ្រប់រាជធានីខេត្ត តាមគ្រប់រូបភាពលទ្ធភាព សំដៅធ្វើយ៉ាងណាពញ្ញាក់ នូវស្មារតីរបស់ប្រជាពលរដ្ឋឲ្យចូលរួម ដើម្បីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាការបង្ការទប់ស្កាត់ បញ្ហាគ្រឿងញៀន នៅក្នុងសហគមន៍របស់យើង និងសូមឱ្យប្រជាពលរដ្ឋទាំងអស់ ប្រើប្រាស់ App NoDrug ទាំងអស់គ្នា ដើម្បីរួមគ្នាធ្វើឲ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនកាន់តែមានប្រសិទ្ធភាព និងមានដំណោះស្រាយរាល់ករណីគ្រឿងញៀន៕