General Commissariat of National Police
.

យានយន្តឆ្លងកាត់គោលដៅត្រួតពិនិត្យជាតិស្រវឹងចំនួន ១៥៤គ្រឿង ល្មើសជាតិស្រវឹង២២គ្រឿង នៅខណ្ឌទួលគោក

Loading

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់យានយន្តចំនួន ២២គ្រឿង ល្មើសជាតិស្រវឹង ក្នុងចំណោមយានយន្តចំនួន ១៥៤គ្រឿង ដែលបានឆ្លងកាត់គោលដៅត្រួតពិនិត្យជាតិស្រវឹង នៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឲ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងនគរបាលការិយាល័យជំនាញមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តចុះដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹង នៅវេលាម៉ោង២៣ និង០០ នាទីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដល់ម៉ោង០២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចលើបណ្តោយមហាវិថីម៉ៅសេទុង ទល់មុខម៉ុងឌីយ៉ាល់ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ដែលមានកម្លាំងចូលរួមសរុបចំនួន ៥៧នាក់។

របាយការណ៍បញ្ជាក់បន្ថែមថា ៖ លទ្ធផលនៃកិច្ចសហប្រតិបត្តិការយានយន្តឆ្លងកាត់គោលដៅមានចំនួន ១៥៤គ្រឿង (រថយន្តចំនួន ៦៤គ្រឿង និងម៉ូតូចំនួន ៩០គ្រឿង) ក្នុងនោះយានយន្តល្មើសជាតិស្រវឹង២២គ្រឿង (រថយន្តចំនួន ០៧គ្រឿង និងម៉ូតូចំនួន ១៥គ្រឿង) ជាតិ អាកុលកម្រិត០.២៥ដល់ ០.៣៩ mg/L សរុបមានចំនួន ១៣នាក់ អ្នកបើកបរម៉ូតូ ០៩នាក់ និងអ្នកបើកបររថយន្ត ០៤នាក់ និងកម្រិត០.៤០mg/Lឡើងទៅមាន ឡើង ០៩នាក់ អ្នកបើកបរម៉ូតូ ០៦នាក់ និងអ្នកបើកបរ រថយន្ត ០៣នាក់។

របាយការណ៍ខណ្ឌទួលគោកក៏បានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា ៖ វិធានការអប់រំអ្នកបើកបរមានចំនួន ២៧នាក់ (រថយន្ត៤គ្រឿង និងម៉ូតូចំនួន២៣គ្រឿង) និងអ្នកបើកបរមានជាតិអាល់កុលក្រោម០.២៥mg/L មានចំនួន ០៩នាក់ (អ្នកបើកបររថយន្តចំនួន ០៤នាក់ និងបើកបរម៉ូតូចំនួន ០៥នាក់) និងអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ១៨នាក់។ ផាកពិន័យចំនួន ១០គ្រឿង (រថយន្ត៥គ្រឿង និងម៉ូតូ៥គ្រឿង) និងបានរក្សាទុកយានយន្តនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកចំនួន ១២គ្រឿង (រថយន្ត២គ្រឿង និងម៉ូតូចំនួន១០គ្រឿង) ដើម្បីតម្រូវឲ្យម្ចាស់យានយន្តទាំងនោះចូលខ្លួនដោះស្រាយផាកពិន័យតាមច្បាប់។

ជាមួយគ្នានេះផងដែរ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក ក៏បានធ្វើការអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយនឹងក្រុមសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងជាតិស្រវឹងនៅតាមបណ្តាគោលដៅប្រយោជន៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕