ខេត្តកំពង់ធំ ៖ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាន តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបិទវគ្គបំប៉នជំនាញ ក្បួននីតិវិធីប្រតិបត្តិការ របស់មន្ត្រីនគរបាលយុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោក នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។
លោកវរសេនីយ៍ឯក ព្រំ ចាន់ថុល នាយការិយាល័យចរាចរណ៍ផ្លូវគោកបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: ដែលបានយកចិត្តទុកដាក់ចាត់តាំងក្រុមការងារដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាន ចុះបើកវគ្គបំប៉នជំនាញបន្ថែម ដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ អស់រយៈពេលពេញមួយថ្ងៃ កន្លងទៅនេះ ។
បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលលោក សង្ឃឹមជឿជាក់ថាអស់លោក លោកស្រី វិលត្រលប់ទៅបម្រើការងារនៅអង្គភាពខ្លួនវិញ បងប្អូននាំយកចំណេះដឹងបទពិសោធន៍ ទៅចូលរួមអនុវត្ត តួនាទី ភារកិច្ចជំនាញ ជាប្រចាំថ្ងៃ សម្រេចបានជោគជ័យ ល្អប្រសើរបន្ថែមទៀត ស្រមតាមគោលនយោបាយថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាន បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់សិក្ខាកាម រហូតទទួលបានជោគជ័យ គួរជាទីមោទនៈ នៃការបញ្ចប់វគ្គបណ្តុះបណ្តាល លទ្ធផលបង្ហាញឲ្យឃើញថាសិក្ខាកាមទាំងអស់មានការយល់ដឹងទាំងទទួលបានចំណេះដឹងបទពិសោធន៍ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់បម្រើឲ្យការងារជំនាញប្រចាំថ្ងៃ របស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យមានកម្រិតទាប ។
លោកឧត្តមសេនីយ៍ទោ អនុប្រធាននាយកដ្ឋាន បានផ្ដាំផ្ញើដល់បងប្អូននៅពេលចុះអនុវត្តច្បាប់ ត្រូវប្រកាន់ខ្ជាប់វិន័យ សីលធម៌ សុជីវធម៌ សំដីសំដៅសុភាពរាបសារ ទន់ភ្លន់ រួសរាយរាក់ទាក់ ម៉ឹងម៉ាត់ ក្នុងការប្រាស្រ័យទំនាក់ទំនងជាមួយមហាជនគ្រប់ស្រទាប់វណ្ណៈ រួមទាំងការគ្រងឯកសណ្ឋាន បានសក្តិសមជាមន្ត្រីនគរបាលជាតិ, ត្រូវធ្វើជាគំរូល្អ ដល់ប្រជាពលរដ្ឋ, បង្កើនការផ្សព្វផ្សាយការច្បាប់, ពង្រឹងការអនុវត្តច្បាប់រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, ការកសាងនីតិវិធីត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ របស់មន្ត្រីនគរបាលយុត្តិធម៌ ដោយមានតម្លាភាព តុល្យភាព រក្សាកត្តាសាមគ្គីភាពកិច្ចសហការល្អ ទើបសម្រេចបានជោគជ័យ គ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន ៕