រាជធានីភំ្នពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានសហការជាមួយ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បានរៀបចំហ្វឹកហាត់សមយុទ្ធពន្លត់អគ្គិភ័យជាក់ស្តែង នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច មានទីតាំងមហាវិថីអូស៊ីអាយស៊ី ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ពិធីហ្វឹកហាត់សមយុទ្ធជាក់ស្តែងនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី អនុប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វត្ថា ប្រធាននាយកដ្ឋាន បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការចូលរួមដោយលោកឧត្តមសេនីយ៍ត្រី សេក ធឿន អនុប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ និងមន្រ្តីជំនាញជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី បានពន្យល់ណែនាំអំពីការធ្វើសមយុទ្ធពន្លត់អគ្គិភ័យ និងសង្គ្រោះបឋម ដល់មន្ដ្រី និងបុគ្គលិកទាំងអស់ បានយល់ដឹងអំពីវិធីប្រើប្រាស់ឧបករណ៍ សម្ភារៈ បរិក្ខាប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីទប់ស្កាត់បានទាន់ពេលវេលានៅពេលមានហេតុការណ៍កើតឡើង កុំឲ្យរីករាលដាលទ្រង់ទ្រាយធំ។ លោកបានបន្ថែមទៀតថា ក្នុងការធ្វើសមយុទ្ធនេះ បុគ្គលិកទាំងអស់ ក៏បានយល់ដឹងផងដែរ អំពីមធ្យោបាយក្នុងការផ្ដល់ព័ត៌មានទៅកាន់ស្ថាប័នមានសមត្ថកិច្ច ដើម្បីចេញជួយអន្ដរាគមន៍ និងរបៀបក្នុងការជម្លៀសខ្លួនចេញពីតំបន់ ដែលមានហានិភ័យទៅកាន់កន្លែងដែលមានសុវត្ថិភាព។
ដើម្បីធានាបានសុវត្ថិភាពសន្តិសុខ និងសណ្តាប់ធ្នាប់ សម្រាប់កម្មវិធីហ្វឹកហាត់សមយុទ្ធជាក់ស្ដែងរាល់សកម្មភាព និងរូបភាពរបស់លំហាត់ដើម្បីឲ្យក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ចបានយល់ដឹង និងចូលរួមអនុវត្ត លោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី អនុប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ មានវិធានការរួមចំនួន៤ចំណុច ៖
១-បង្កើនប្រសិទ្ធភាពយល់ដឹងអំពីវិធីសាស្រ្តជម្លៀសខ្លួន វិធីសាស្ត្រសង្គ្រោះ និងវិធីសាស្រ្តពន្លត់អគ្គិភ័យបឋម។
២-រៀបចំផែនការប្រើប្រាស់កម្លាំង មធ្យោបាយឧបករណ៍សម្ភារ បរិក្ខារតាមមុខព្រួញហ្វឹកហាត់សមយុទ្ធនិងត្រៀមអន្តរាគមន៍។
៣-រៀបចំសណ្តាប់ធ្នាប់រថយន្ត និងកំណត់តំបន់ចេញ-ចូលច្បាស់លាស់ក្នុងតំបន់ហ្វឹកហាត់សមយុទ្ធជាក់ស្ដែង។
៤-រៀបចំកងជួររបស់ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ចរបស់បុគ្គលិក មជ្ឈណ្ឌលអភិវឌ្ឍធុរកិច្ច និងប្រដាប់បំពង សំឡេងកាន់ដៃ ដែលចល័តតាមមុខព្រួញនីមួយៗ។
សូមជម្រាបថា កម្មវិធីហ្វឹកហាត់សមយុទ្ធជាក់ស្ដែង នៅមជ្ឈណ្ឌលអភិវឌ្ឍធុរកិច្ច បានប្រើប្រាស់កម្លាំងសរុបចំនួន ៣៦៤នាក់ ក្នុងនោះ កម្លាំងរបស់មជ្ឈណ្ឌលអភិវឌ្ឍធុរកិច្ច ចំនួន៣២៤នាក់ កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះចំនួន៤០នាក់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះចំនួន០៤គ្រឿង៕