General Commissariat of National Police
.

ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយ សមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងខេត្តបន្ទាយមានជ័យ

Loading

បន្ទាយមានជ័យ ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ   ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញ ជាអធិបតីភាព ក្នុពិធីផ្សព្វផ្សាយផែនការលេខ០០៣ផក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ជូនដល់សមត្ថកិច្ចពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ប្រារព្ធធ្វើឡើង នៅសាលប្រជុំ ក សាលាបន្ទាយមានជ័យ។

  ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លេីកឡេីងថា ដើម្បីចូលរួមលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ ក្រសួងមហាផ្ទៃបានរៀបចំវិធានការ កម្លាំង និងមធ្យោបាយជាក្រុមការងារប្រតិបត្តិ ការថ្នាក់អន្តរអគ្គ ដើម្បីគាំទ្រដល់ស្នងការដ្ឋាននគរបាលរាជធានី / ខេត្ត ក្នុងការ អនុវត្តសេចក្តីណែនាំលេខ ០២៨សណន ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ របស់ ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា និងការធ្វើបច្ចុប្បន្នភាពជនបរទេសអន្តោប្រវេសន្តឱ្យមានប្រសិទ្ធភាព។ ពង្រឹងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈតាមបណ្តារាជធានី/ខេត្ត ដើម្បីធានាសុខដុមនីយកម្មរបស់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ និង អ្នកវិនិយោគជាតិ អន្តរជាតិ ឱ្យមកទស្សនា និងប្រកបរបររកស៊ីក្នុងព្រះរាជាណាចក្រកម្ពុជា មានជំនឿទុកចិត្តកាន់តែខ្លាំងឡើង។

  នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវ ស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់កម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ ទៅរស់នៅដោយច្បាប់ និងមិនស្របច្បាប់ ។ ជាមួយគ្នានោះដែរអាជ្ញាធរមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ បើសិនជាមានករណីជនបរទេសមកស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវធ្វើការចុះស្រង់ទិន្នន័យ សួរព័ត៌មាន ក៏ដូចជាឯកសារពាក់ព័ន្ធ ទាក់ទិននិងការស្នាក់ក្នុងប្រទេសកម្ពុជា។

  យោងរបាយការណ៍ ដែលផ្តល់ដោយស្នងការដ្ឋាននគរបាលខេត្ត គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានបង្ហាញថាក្នុងខេត្តបន្ទាយមានជ័យ មាន ៖ ១.ជនបរទេសអន្តោប្រវេសន្ត៖ សរុបចំនួន២៨៨គ្រួសារ មនុស្សរាយ ៤៣៦នាក់/ស្រី១៧៣នាក់ មាន៥សញ្ជាតិ។ ២.ជនបរទេសមិនមែនអន្តោប្រវេសន្ត៖ សរុបចំនួន ១៦១៥២នាក់/ស្រី ៤០៨៦នាក់ មាន៥៨សញ្ជាតិ ប្រកបមុខរបរភាគច្រើន គឺនៅតាមរោងចក្រ សណ្ឋាគារ កាស៊ីណូ និងអាជីវកម្មផ្សេងៗ។ ក្នុងនោះ ជនបរទេសស្នាក់នៅច្រើនជាងគេតាមប្រព័ន្ធ FPCS មាន៧សញ្ជាតិ ក្នុងនោះមាន៖ ឥណ្ឌូនេស៊ី មានចំនួន ៤២០១នាក់/ស្រី១ ០៦៩នាក់, ចិនចំនួន ៤១៩០នាក់/ស្រី៧០៤នាក់, វៀតណាមចំនួន ២២៥៩នាក់/ ស្រី៩៨៧នាក់, ឥណ្ឌាចំនួន ៩៣៦នាក់/ស្រី៥២នាក់, ថៃចំនួន៧៧០នាក់/ស្រី៣៦៣នាក់, សាធារណរដ្ឋ កូរ ចំនួន៦៩៣នាក់/ស្រី៩៥នាក់ និងប៉ាគីស្ថានចំនួន៤២១នាក់/ស្រី២៧នាក់។

  ទន្ទឹមនឹងនោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការស្រាវជ្រាវ សង្គ្រោះជនបរទេសប្រចាំឆ្នាំ២០២៤ ដែលបានសុំអន្តរាគមន៍សរុប ចំនួន១១៧ករណី ក្នុងនោះតាមរយៈប្រភព៖ ហ្វេសប៊ុកក្រសួងមហាផ្ទៃចំនួន៤៥ករណី, ហត់ឡាញជនបរទេស ៥៨ករណី, ហត់ឡាញ១១៧ ចំនួន១២ករណី និងពីស្ថានទូតចំនួន២ករណី ក្នុងនោះកិច្ចអន្តរាគមន៍សង្គ្រោះជាក់ស្តែងបានចំនួន៣១ករណី មានមនុស្ស៦២នាក់/ស្រី១១នាក់ រកមិនឃើញកំពុងស្រាវជ្រាវបន្តចំនួន៤១ករណី មនុស្សចំនួន១២៤នាក់/ស្រី២៨នាក់ និងត្រឡប់ទៅវិញដោយ ខ្លួនឯងចំនួន ៤៥ករណី មនុស្ស ៨០នាក់/ស្រី១៩នាក់៕