General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៤ លើកទិសដៅការងារខែមករា ឆ្នាំ២០២៥ និងពិនិត្យលំហូរឯកសារចេញ-ចូល របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន

Loading

រាជធានីភំ្នពេញ ៖ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៤ លើកទិសដៅការងារខែមករា ឆ្នាំ២០២៥ និងពិនិត្យលំហូរឯកសារចេញ-ចូល ព្រមទាំងណែនាំការងារជំនាញ នៅសាលប្រជុំនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ​នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
កិច្ចប្រជុំនេះក៏មានការចូលរួមដោយ លោកឧត្តមសេនីយ៍ទោ សួ ប៊ុនស៊ូ អនុប្រធានសេនាធិការដ្ឋាន លោកឧត្តមសេនីយ៍ត្រី តាន់ វណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ , លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, លោក-លោកស្រីអនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និង នាយការិយាល័យ សរុប៧២នាក់។

បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងលោកនាយការិយាល័យទាំង៧ ចំណុះនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឡើងរាយការណ៍អំពីវឌ្ឍនភាពការអនុវត្តការងារប្រចាំខែ បញ្ហាប្រឈម សំណូមពរ និងលទ្ធផល នៃការអនុវត្ត​ពិនិត្យលំហូរឯកសារចេញ-ចូលប្រចាំខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២៤ រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ក៏បានឯកភាពតាមរបាយការណ៍ និងបានដាក់ទិសដៅសម្រាប់នាយកដ្ឋានយកទៅអនុវត្តបន្តចំនួន៧ចំណុច ៖
១-ពង្រឹងការគ្រប់គ្រងមន្រ្តីនគរបាលក្រោមឱវាទ។
២-ពង្រឹងការគ្រប់គ្រងលំហូរឯកសារចូល-ចេញ ឲ្យបានត្រឹមត្រូវនិងច្បាស់លាស់។
៣-រៀបចំកសាងផែនការសកម្មភាព ឆ្នាំ២០២៥ ដោយយកចិត្តទុកដាក់លើស្ថានភាពកើតឡើងថ្មី។
៤-ពង្រឹងការគ្រប់គ្រងបញ្ជីបណ្តឹង តាមដានការអនុវត្តនីតិវិធីលើបណ្តឹង។
៥-ពិនិត្យលទ្ធភាពរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីព័ត៌មានបច្ចេកវិទ្យា និងការធ្វើកោសលវិច័យលើសម្ភារបច្ចេកវិទ្យា។
៦-បង្កើនការយកចិត្តទុកដាក់លើការស្តាប់ ប្រមូលព័ត៌មានតាមបណ្តាសារព័ត៌មាន និង​ទូរស័ព្ទទាន់ហេតុការណ៍ ១២៨៨
៧-ពន្លឿនការធ្វើបច្ចុប្បន្នភាពគ្រប់គ្រងដីកា។

ដើម្បីពង្រឹងការគោរពវិន័យ ការស្លៀកសំលៀកបំពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ការធានានិរន្តរភាពការងារ ការគ្រប់គ្រង ការលើកកម្ពស់ប្រសិទ្ធភាពការងារ និងសុខុមាលភាពជូនមន្ត្រីនគរបាលជាតិកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ក៏បានផ្សព្វផ្សាយប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៦៧១៧ ប្រក ចុះថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២៤ ស្តីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា ដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានជ្រួតជ្រាបផងដែរ៕