General Commissariat of National Police
.

ផ្ទុះកំប៉ុងហ្គាសបង្ករជាអគ្គិភ័យឆាបឆេះបន្ទប់ជួលមួយកន្លែងនៅខណ្ឌមានជ័យ នគរបាលប្រេីប្រាស់ឡានទឹកចំនួន​០៥គ្រឿង

Loading

ភ្នំពេញ៖​ អគ្គិភ័យបានឆាបឆេះបន្ទប់ជទួល មួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ​៨និង៣០នាទីព្រឹក ថ្ងៃទី២០​ ខែធ្នូ​ ឆ្នាំ២០២៤ ដែលស្ថិតចំណុចផ្លូវបេតុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

ដោយមានការអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប​ និងរថយន្តជំនួយមកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ចំនួន០២គ្រឿង​ ប្រេីប្រាស់ទឹកអស់​០១ឡាន​ ស្មេីរនឹង០៣ម៉ែត្រគូប​ និងរថយន្តក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន០១គ្រឿង​ ពុំបានប្រេីប្រាស់ទឹក។

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ​ថ្មបេតុង ទំហំ​ (៣ម៉ែត្រ​ x ៤ម៉ែត្រ)​ ឆេះសម្ភារៈប្រេីប្រាស់ដូចជា​ ខោអាវ​ ចាន,​ ឆ្នាំង​,​ ចង្ក្រាន ហេីយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡេីយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង​ ៨និង៥៥នាទីព្រឹកថ្ងៃខែឆ្នាំដដែរ។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញថា​ គឺបណ្តាលឲ្យមកពីផ្ទុះកំប៉ុងហ្គាសបង្កជាអគ្គិភ័យ​ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសក្នុងគ្រោះអគ្គិភ័យខាងលើនេះឡើយ។

ជាចុងក្រោយ​ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​នគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់​ នៅពេលប្រើប្រាស់ចង្ក្រានហ្គាស​ ក៏ដូចជាធុងហ្គាស​ ត្រូវធ្វើការត្រួតពិនិត្យមើលកំប៉ុងហ្គាស​ និងធុងហ្គាសចាស់ៗ​ ដោយមិនត្រូវធ្វេីការប្រេីប្រាស់នោះទេ​ ជៀសវាងបង្កហានិភ័យ៕