សេចក្តីបំភ្លឺព័ត៌មាន
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយសសូម គោរពជម្រាបជូនអ្នកសារព័ត៌មាន អ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ មានការចុះផ្សាយតាមរយៈ Facebook ឈ្មោះ Sin Sophea ថា “គ្រាន់តែឆ្ងល់ មិនរិះគន់ស្អីទេ តើបងប្អូនឆ្ងល់ដូចខ្ញុំអត់?” ដោយភ្ជាប់នូវរូបភាពក្រុមប្រចាំការទទួលបណ្ដឹង ការងារនគរបាលព្រហ្មទណ្ឌ និងប្រតិកម្មរហ័សរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលនៅក្នុងរូបភាព គឺជារូបភាពរចនាសម្ព័ន្ធនៃក្រុមការងារប្រចាំការទទួលបណ្ដឹង ការងារនគរបាលព្រហ្មទណ្ឌ និងប្រតិកម្មរហ័សរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ហើយប្រធានដឹកនាំមានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក និងអនុប្រធានដឹកនាំមានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមធ្វើការបំភ្លឺជូន សាធារណជនឱ្យបានជ្រាបថា៖ លោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ គាត់ជាស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដូចនេះទើបស្នងការដ្ឋាននគរបាលខេត្តសៀមរាបរៀបចំទៅតាមឋានានុក្រម ។
អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មាន អ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន កុំមានការភាន់ច្រឡំ និងយល់ខុស ៕