ខេត្តសៀមរាប ៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់ឲ្យដឹងបែបនេះក្រោយពេលដែលសិក្ខាកាមមកពីខេត្តចំនួន១០ ទទួលបានការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពចំណេះដឹងពីបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug : https://nodrugsnacd.com/download របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពី “លើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន” ល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ថែមថា មន្ទីរកិច្ចការនារីចំនួន១០ មកពីខេត្តសៀមរាប កំពត កោះកុង ក្រចេះ ពោធិ៍សាត់ ព្រះសីហនុ ស្ទឹងត្រែង ឧត្តរមានជ័យ កែប និងខេត្តប៉ៃលិន មានភាពសប្បាយរីករាយក្រៃលែងហើយបានប្ដេជ្ញាចិត្តចូលរួមលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនក៏ដូចជាអត្ថប្រយោជន៍ App NoDrug ជូនដល់ប្រជាពលរដ្ឋក៏ដូចជាប្រជាសហគមន៍នៅក្នុងដែនសមត្ថកិច្ចរបស់ពួកគាត់។
ឧត្ដមសេនីយ៍ត្រី យិន យឿត ដែលជាគ្រូឧទ្ទេសផ្តល់ធាតុចូលក្នុងវគ្គបណ្ដុះបណ្ដាលនោះបានប្រាប់ឱ្យដឹង បន្ថែមទៀតថា សិក្ខាកាមទាំងអស់មានការចាប់អារម្មណ៍ខ្លាំងចំពោះApp NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយពួកគាត់យល់ថា App NoDrug នឹងអាចជួយប្រជាពលរដ្ឋក៏ដូចជាប្រជាសហគមន៍របស់ពួកគាត់ឲ្យចាក់ផុតបានពីបញ្ហាគ្រឿងញៀននិងចូលរួមចំណែករាយការណ៍រាល់គ្រប់ករណីនៃបទល្មើសគ្រឿងញៀនដែលកើតមាននៅក្នុងសហគមន៍របស់ពួកគាត់ជូនដល់អាជ្ញាធរមានសមត្ថកិច្ច៕