រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសាររំលែកទុក្ខ ព្រមទាំងបច្ច័យជូនគ្រួសារសព លោកជំទាវ វី សាឌី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅផ្ទះលេខ៣៦ ផ្លូវA១៥ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (បុរីប៉េងហួតបឹងស្នោរ គំរោង២) រាជធានីភ្នំពេញ។
តាងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាមឯកឧត្តមផ្ទាល់ មានសេចក្ដីក្តុកក្តួលសោកស្ដាយជាអនេក ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំអំពីមរណភាពរបស់ លោកជំទាវ វី សាឌី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។
យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវក្តីសោកស្ដាយស្រណោះអាឡោះអាល័យយ៉ាងក្រៃលែងចំពោះ ការបាត់បង់រូប លោកជំទាវ វី សាឌី ដែលជាភរិយា ម្តាយ ជីដូន និងជីទួតជាទីគោរពស្រលាញ់ ប្រកបដោយ ព្រហ្មវិហារធម៌ ជាកុលបុត្រខ្មែរ និងជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលបានធ្វើពលិកម្មសព្វបែបយ៉ាង តស៊ូយ៉ាងសកម្មប្រកបដោយស្វាមីភក្តិក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ អស់រយៈពេលជាច្រើនទសវត្ស រហូតដល់អវសាននៃជីវិត។
ទោះបីរូបកាយបានឃ្លាតចាកពីលោកយើងទៅមែនពិត ប៉ុន្តែ លោកជំទាវ បាន កសាងនូវស្នាដៃជាច្រើនរាប់មិនអស់សម្រាប់ប្រទេសជាតិ បន្សល់ទុកនូវកេរ្តិ៍ឈ្មោះ កិត្តិយសដ៏ឧត្តុង្គឧត្តម ដក់ជាប់ក្នុងដួងចិត្តរបស់យើងខ្ញុំទាំងអស់គ្នា មិនអាចបំភ្លេចបានឡើយ។
ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ ក្នុងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាម ឯកឧត្តមផ្ទាល់ សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិសដល់ គុណបុណ្យព្រះរតនត្រ័យ ជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវ វី សាឌី សូមឆាប់បានយោនយក
កំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បាននាំយកសាររំលែកទុក្ខ និងបច្ច័យចំនួន ៣.០០០.០០០ រៀល (បីលានរៀល) របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនក្រុមគ្រួសារសព និងបានចុះហត្ថលេខាលើសៀវភៅក្រាំងមាសទុកជាកិច្ចចុងក្រោយ នៃពិធីគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ វី សាឌី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕