General Commissariat of National Police
.

ក្រសួង​កិច្ចការ​នារី និងអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះពង្រឹងសមត្ថភាពជនបង្គោល​នារីថ្នាក់តំបន់​មកពី១០ខេត្ត​ 

Loading

ខេត្តសៀមរាប ៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ​២០២៤ ក្រសួង​កិច្ចការ​នារី​ និងអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការបេីកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពី “លើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន” ជាមន្ត្រីក្រសួង និងមន្ទីរកិច្ចការនារីចំនួន ១០ មាន ខេត្តសៀមរាប កំពត កោះកុង ក្រចេះ ពោធិ៍សាត់ ព្រះសីហនុ ស្ទឹងត្រែង ឧត្តរមានជ័យ កែប និងខេត្តប៉ៃលិន ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកិច្ចការនារីឱ្យទទួលបានចំណេះដឹងពីផលប៉ះពាល់នៃគ្រឿងញៀនក៏ដូចជាតួនាទីដ៏សំខាន់របស់ស្ត្រីជាម្តាយក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់និងចែកចាយគ្រឿងញៀននៅក្នុងគ្រួសារនិងសហគមន៍។

ឯកឧត្តម លី សារី អភិបាលរង តំណាងអភិបាលខេត្តសៀមរាប មានមតិស្វាគមន៍ និងបង្ហាញពីការរីកចម្រើនរបស់ខេត្តក៏ដូចជាការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងខេត្តសៀមរាប។ 

ថ្លែងក្នុងនាម ឯកឧត្តម​ នាយឧត្ដមសេនីយ៍​ មាស​ វិរិទ្ធ​ អអគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ឯក​ លឹម​ តុងហួត​ ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ បានពាំនាំនូវការកោតសរសើរពី ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំពោះកិច្ចខិតខំរបស់បងប្អូនជាស្រ្តីក្រៅពីជួយជ្រោងសេដ្ឋកិច្វគ្រួសារបានចូលរួមចំណែកអនុវត្តនូវយន្តការពហុវិស័យ​និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ កសាងបាននូវសហគមន៍គ្រួសារពោរពេញដោយសុភមង្គល រាល់ពាក្យទូន្មានតាមរយៈស្ត្រីក្នុងភាពជាជីដូន ជាម្ដាយជាបងស្រី គឺមានភាពស្រទន់ហើយឆាប់ចាក់ចូលទៅក្នុងបេះដូងរបស់បងប្អូនក៏ដូចជាបុត្រធីតាឆាប់ទទួលយកបាន។ 

ថ្លែងនាមលោកជំទាវកិត្តិបណ្ឌិត​ អ៊ឹង​ កន្ថាផាវី​ រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី​ នា​ឱកាសនោះ​ដែរ លោកជំទាវ គង់ សំអូន អនុរដ្ឋលេខាធិការ​ បានថ្លែងដោយបានលេីកឡេីងពីតួនាទីសំខាន់បាំបាច់របស់ស្រ្តីក្នុងការចូលរួមចំណែកការងារជួយសង្គម​ផ្សេងៗពិសេសការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រោះថា បញ្ហាគ្រឿងញៀនជាដើមចមនៃអំពើហិង្សានិងឧក្រិដ្ឋកម្មគ្រួសារនឹងមានបញ្ហាលំបាកបំផុតប្រសិនបើមានសមាជិកគ្រួសារណាម្នាក់ធ្លាក់ចូលទៅក្នុងបញ្ហាគ្រឿងញៀននិងបានណែនាំឲ្យគ្រប់តំណាងមន្ទីរទាំង១០យកចំណេះដឹងនិងព័ត៌មានពិតពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននិងការប្រើប្រាស់App NoDrug ដើម្បីទៅផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានសហគមន៍ប្រើប្រាស់សម្រាប់ការដោះស្រាយបញ្ហារបស់ខ្លួន។ 

ឧត្តមសេនីយ៍ត្រី យិន យឿត បានប្រាប់ឲ្យដឹងថាវគ្គបណ្ដុះបណ្ដាលនេះគឺមានរយៈពេល២ថ្ងៃហើយវាគ្មិនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានផ្តល់ធាតុចូលលើចំណេះដឹងពាក់ព័ន្ធ:អ្វីទៅជាគ្រឿងញៀន?ឥទ្ធិពលគ្រោះថ្នាក់ និងហេតុអ្វីបានជាគេប្រើ? របៀបបដិសេធគ្រឿងញៀន ច្បាប់ស្ដីពីការត្រួតគ្រឿងញៀន និងអត្ថប្រយោជន៍នៃការប្រើប្រាស់App NoDrug ដើម្បីរាយការណ៍គ្រប់ករណីគ្រឿងញៀននិងតួនាទីរបស់ស្ត្រីក្នុងភាពជាម្ដាយដើម្បីចូលរួមបង្ការ ទប់ស្កាត់ ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងគ្រួសារ។