General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍លទ្ធផលការងារនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន

Loading

រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍លទ្ធផលការងារនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ប្រចាំខែវិចិ្ឆកា និងលើកទិសដៅការងារបន្តប្រចាំខែធ្នូ ឆ្នាំ២០២៤ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ធូ សារឿន ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងលោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ នៃនាយកដ្ឋានទាំងពីរសរុបចំនួន ៤៥រូប។
បន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ធូ សារឿន ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ឡើងរាយការណ៍ អំពីវឌ្ឍនភាពការអនុវត្តការងារប្រចាំខែ បញ្ហាប្រឈម សំណូមពរ និងលទ្ធផលនៃការអនុវត្តគោលការណ៍ចំណាររបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានឯកភាព និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់នាយកដ្ឋានទាំងពីរ ដែលបង្ហាញអំពីលទ្ធផលការងារដែលសម្រេចបាន ក៏ដូចជាបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្ដយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបន្ដឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី ក៏បានកោតសរសើរដល់នាយកដ្ឋានសន្តិសុខឯកជន ដែលកន្លងមកគ្រប់គ្រងសភាពការណ៍សន្តិសុខ សុវត្ថិភាពបានយ៉ាងល្អ ជាពិសេសបានបើកវគ្គបណ្តុះបណ្តាលមុខជំនាញសន្តិសុខ ដល់ភ្នាក់ងារសន្តិសុខ ពង្រឹងសមត្ថភាព ចំណេះដឹងបានយ៉ាងល្អ ។
ជាគ្នានេះ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ ក៏បានលើកសរសើរដល់នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដែលកន្លងមករក្សាសាមគ្គីភាពផ្ទៃក្នុងបានល្អ ពិសេសបំពេញភារកិច្ចបានយ៉ាងល្អ បើទោះបីជាបញ្ហាខ្លះជាបញ្ហាសកលលោកក៏ដោយ ក៏វាបានជិះឥទ្ធិពលក្នុងតំបន់ផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានដាក់ទិសដៅសម្រាប់នាយកដ្ឋានទាំងពីរអនុវត្តដូចខាងក្រោម ៖
-បន្តយកចិត្តទុកដាក់រួមគ្នា និងពន្លឿនការដោះស្រាយបញ្ហាករណីដែលនៅសេសសល់ ។
-បន្តចុះវាយតម្លៃករណីដែលនៅសេសសល់តាមបណ្តារាជធានី-ខេត្ត។
-បន្តយកចិត្តទុកដាក់ ក្តាប់ឲ្យបាននូវកិច្ចការងារស្នូល ពិសេសការគ្រប់គ្រងសន្តិសុខឯកជន។
-បន្តបង្កើនការយកចិត្តទុកដាក់ប្រម៉ែប្រមូលព័ត៌មានតាមរយៈវិធានការជំនាញ ដើម្បីបញ្ចូលទិន្នន័យក្នុងការគ្រប់គ្រងបទល្មើស៕