សៀមរាប៖ រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯកលឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ:នៃ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានអនុគណៈកម្មការជំរុញការប្រើប្រាស់ និងបង្កើតមាតិកា ដោយមានការចូលរួមពីតំណាង លេខាធិការដ្ឋាន គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តសៀមរាប ស្រុកវ៉ារិន បានចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍ បំផុសការប្រើប្រាស់ App NoDrug ដល់មេឃុំ មេភូមិទូទាំងឃុំស្រែណូយ និងអ្នកពាក់ព័ន្ធដើម្បីឱ្យពួកគាត់ មានសមត្ថភាពអាចបំផុសឲ្យប្រជាពលរដ្ឋប្រើប្រាស់ App NoDrug នេះ។
ក្រោយទទួលបានការផ្សព្វផ្សាយ ពីរបៀបប្រើប្រាស់ និងអត្ថប្រយោជន៍រួចមក លោកស្រី វ៉ក ណម មេឃុំស្រែណូយ បានមានប្រសាសន៍ថា App NoDrug នេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ហើយលោកស្រីនឹងចាត់ចែងឱ្យមេភូមិទាំងអស់ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាញយកកម្មវិធីនេះ មកប្រើប្រាស់នៅមូលដ្ឋានឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។
ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត កោតសសើរ និងបានស្នើសុំគឺលោកស្រីមេឃុំ ក៏បានយល់ស្របទទួលយកវិធីសាស្រ្ត ក្នុងការផ្សព្វផ្សាយ និងទាញយកកម្មវិធីNoDrug នេះមកប្រើប្រាស់គឺតាមរយៈមេភូមិ មេក្រុម អ្នកពាក់ព័ន្ធ វេទិកានានា និងប្រជាពលរដ្ឋ ដែលគាត់មកទទួលសេវា នៅសាលាឃុំស្រែណូយទាំងអស់ ដើម្បីឱ្យពួកគាត់មានឧបករណ៍ ក្នុងការទទួលបានចំណេះដឹង និងរាយការណ៍រាល់ករណីគ្រឿងញៀន ដែលកើតមាននៅក្នុងមូលដ្ឋានសហគមន៍ របស់គាត់។
នៅល្ងាចថ្ងៃដដែលនោះដែរ ក្រុមការងារបានបន្តចុះផ្សព្វផ្សាយ និងជំរុញការទាញយកអេបូត្រាក់ ដល់ប្រជាពលរដ្ឋ និងអាជីវករនៅផ្លូវ៦០ម៉ែត្រ អង្គរឃ្យូងយូរ ៕