General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច និងឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អញ្ជើញបិទសន្និបាតបូកសរុបសភាពការណ៍លទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត

Loading

ខេត្តកំពត ៖ នៅរសៀលថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពត បានរៀបចំពិធីបិទសន្និបាតបូកសរុបសភាពការណ៍លទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូអមដំណើរ, ឯកឧត្តមប្រធានសាលាដំបូងខេត្ត, ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត, លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត, លោកប្រធានពន្ធនាគារខេត្ត, លោក លោកស្រីអភិបាលក្រុង ស្រុក, លោកប្រធានប៉ុស្តិ៍ច្រកទ្វារអន្តរជាតិព្រំដែនព្រែកចាក, លោកមេបញ្ជាការវរៈព្រំដែនទឹកលេខ២៤១, លោក លោកស្រី ស្នងការរងខេត្ត, លោកនាយការិយាល័យជំនាញ, លោកអធិការ អធិការរងក្រុង/ស្រុកទាំង៩ និងលោកនាយប៉ុស្តិ៍នគរបាលទាំង៩៣ សរុប ១៨៨នាក់។

បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និងរាយការណ៍អំពីលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត រួចមម ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍ណែនាំ និងវាយតម្លៃខ្ពស់ប្រកបដោយអត្ថន័យខ្លឹមសារ ស៊ីជម្រៅ បង្ហាញពីឆន្ទៈមុតស្រួច និងកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងកងកម្លាំង និងអាជ្ញាធរមូលដ្ឋានកាន់តែមានទឹកចិត្តក្លៀវក្លាក្នុងការអនុវត្តការងារជំនាញ ដើម្បីស្ថាបនាអភិវឌ្ឍន៍ ក្នុងជួរកងកម្លាំង ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យនូវភារកិច្ចថ្មីៗ បន្ថែមទៀត។ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ក៏បានថ្លែងកោតសរសើរដល់កងកម្លាំងនគរបាលខេត្តកំពតទាំងអស់ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ដែលនៅពេលថ្មីៗនេះ បានសហការគ្នាយ៉ាងល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងកិច្ចការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត ទទួលបានជោគជ័យ។

ចុងនឹងបញ្ចប់ពីវេទិកាអធិបតី ឯកឧត្តម ឧត្តមសេនីយ៍ឯកឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ បានធ្វើការឯកភាពទាំងស្រុង និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ស្នងការនគរបាលខេត្តកំពត ដែលបង្ហាញអំពីលទ្ធផលការងារដែលសម្រេចបាន ក៏ដូចជាបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្ដយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបន្ដឲ្យកាន់តែល្អប្រសើរបន្ថែមទៀត និងបាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពតទាំងអស់ ព្រមទាំងបានផ្តល់អនុសាសន៍ដឹកនាំប្រកបដោយអត្ថន័យខ្លឹមសារទូលំទូលាយស៊ីជម្រៅ ក្នុងការងារជំនាញពោរពេញដោយបទពិសោធន៍ថ្មីៗ ដល់កងកម្លាំងទាំងអស់ ដើម្បីទុកជាត្រីវិស័យក្នុងកិច្ចប្រតិបត្តិការឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា ខេត្តកំពត គឺជាខេត្តដ៏សំខាន់មួយក្នុងចំណោមរាជធានី-ខេត្តរបស់ព្រះរាជាណាចក្រកម្ពុជា ពីសេសក៏ជាខេត្តតំបន់ទេសចរណ៍ដ៏សំខាន់ផងដែរ ដូច្នេះការងាររក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត មិនអាចធ្វេសប្រហែសបានឡើយ ពោលនៅពេលមានបទល្មើសកើតឡើង ត្រូវបើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ ដើម្បីចាត់វិធានការតាមច្បាប់ និងឈានដល់ការបង្ក្រាបឲ្យខាងតែបាន៕