General Commissariat of National Police
.

កាត់បន្ថយការទទួលទាន គ្រឿងស្រវឹង ការជក់បារី និងបរិភោគអាហារបានត្រឹមត្រូវ ជួយកាត់បន្ថយអាត្រាគ្រោះថ្នាក់ដល់សុខភាព

Loading

ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានធ្វើការផ្សព្វផ្សាយ និងចែករំលែកចំណេះដឹង ស្តីពីជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងមហារីកមាត់ស្បូន ជូនដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ដែលមានលោកវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យជំនាញ ធ្វើបទបង្ហាញ ។ កម្មវិធីប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរងផែនការងារសេនាធិការ តំណាងខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្ត និងមានការចូលរួមពីលោកស្នងការរង លោក លោកស្រីនាយ នាយរងការិយាល័យ នាយ នាយរងផ្នែក និងមន្ត្រី ដែលមកពីអធិការដ្ឋាន ចូលរួម
ផងដែរ ។

លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការ បានអានរបាយការណ៍ស្វាគមន៍ និងបានមានប្រសាសន៍ថា ផ្តាំផ្ញើដល់មន្ត្រីនគរបាល ដែលបានចូលរួមក្នុងការផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនេះ ត្រូវត្រិះរិះពិចារណា លើបញ្ហាសុខភាពរបស់ខ្លួន និងរកដំណោះស្រាយ ជួយពិភាក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីព្យាបាល ជាមួយគ្នានេះ ត្រូវចែករំលែកនូវចំណេះដឹង ទៅកាន់បងប្អូនជាកងកម្លាំងនៅក្នុងអង្គភាព និងដល់ក្រុមគ្រួសារផងដែរ ។

លោកវេជ្ជបណ្ឌិត ខូយ ឌី បានមានប្រសាសន៍ថា ក្នុងការផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនេះ មានគោលបំណង បញ្ជ្រាបចំណេះដឹងផ្នែកសុខភាព លើការថែទាំខ្លួន និងបង្ការខ្លួន ពីជម្ងឺមិនឆ្លង ការទទួលទាន ដោយមានកម្រិតជាតិស្ករតិច អំពិលតិច ជាតិខ្លាញ់តិច កាត់បន្ថយការទទួលទានគ្រឿងស្រវឹង បារី និងថ្នាំជក់ និងចំណេះដឹងលើបញ្ហាសុខភាពស្ត្រី សុខភាពផ្លូវចិត្ត
ការតាមដានសុខភាពភ្នែក និងសុខភាពមាត់ធ្មេញ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះបញ្ហាការប្រើប្រាស់គ្រឿងញៀន ប្រឈមនឹងបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារ បាត់បង់ចំណូលជាតិ ដោយសារការបាត់បង់កម្លាំងពលកម្មរបស់យុវជនមួយចំនួនធំ ។ លោកវេជ្ជបណ្ឌិតបាន ក៏បានផ្តាំផ្ញើសូមបងប្អូនជាមន្ត្រីនគរបាល ស្វែងយល់នូវចំណេះស្តីពី សុខភាពទាំងនេះ និងចែករំលែកបន្តដល់ក្រុមគ្រួសារ ឲ្យបានយល់ដឹងគ្រប់ៗគ្នា ៕