SYDNEY, July 8 (Reuters) – កាលពីថ្ងៃចន្ទ នគរបាលអូស្ត្រាលីបានចេញបម្រាមគោចរដែលមានរយៈពេល០៣យប់នៅទីប្រជុំជន Alice Springs ដែលជាកន្លែងទេសចរណ៍ បន្ទាប់ពីឧប្បត្តិហេតុនៃអំពើហិង្សាជាច្រើនផ្ទុះឡើង រួមទាំងការវាយដំលើមន្ត្រីនគរបាលអំឡុងពេលសម្រាកចំនួន ០៤នាក់។
ស្នងការនគរបាលដែនដីភាគខាងជើងលោក Michael Murphy បាននិយាយថា “ហេតុការណ៍ដ៏អាក្រក់ និងការរំខានជនស៊ីវិល” បានកើតឡើងក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនៅទីប្រជុំជន Alice Springs។
លោក Murphy បានប្រាប់អ្នកយកព័ត៌មានថា មន្រ្តីទាំងនោះត្រូវបានវាយប្រហារនៅពេលដែលកំពុងដើរ
ត្រឡប់ទៅផ្ទះ និងមិនត្រូវបានដឹងភ្លាមៗថាតើ ជនល្មើសបានដឹងពីអត្តសញ្ញាណពួកគេថាជានគរបាល ឬយ៉ាងណានោះទេ។ បម្រាមគោចរនឹងចូលជាធរមានចាប់ពីម៉ោង ១០យប់ រហូតដល់ម៉ោង ០៦ព្រឹក។
នៅក្រោមច្បាប់ថ្មីដែលដាក់ឲ្យប្រើប្រាស់ក្នុងខែឧសភា ស្នងការនគរបាលមានអំណាចបិទខ្ទប់រយៈពេល ០៣ថ្ងៃ ដើម្បីគ្រប់គ្រងឧប្បត្តិហេតុហិង្សាណាមួយ និងអាចស្នើសុំរដ្ឋាភិបាលពន្យារពេល។
លោកបានមានប្រសាសន៍ថា “ប្រសិនបើខ្ញុំជឿថា ត្រូវមានការពន្យារ ខ្ញុំនឹងសរសេរលិខិតជាលាយលក្ខណ៍អក្សរអំពីមូលហេតុដែលខ្ញុំគិតថាគួរនឹងមាន”។
ធ្លាប់មានបម្រាមគោចរសម្រាប់យុវជនរយៈពេល ០២សប្តាហ៍ត្រូវបានប្រកាសកាលពីខែមីនាក្នុងទីប្រជុំជននេះឮ បន្ទាប់ពីមានការវាយប្រហារដ៏ធំមួយដែលមានទាក់ទងនឹងមនុស្ស ១៥០នាក់។