General Commissariat of National Police
.

គណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ

Loading

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី, ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច, ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសាររំលែកទុក្ខ ព្រមទាំងបច្ច័យ ជូនគ្រួសារសព ឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នៅផ្ទះលេខ៨១-៨៣ ផ្លូវលេខ១៦០ ស្ថិតនៅសង្កាត់ទឹកល្អក់២ ខណ្ទទួលគោក រាជធានីភ្នំពេញ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។

តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា រួមនឹងគណៈប្រតិភូ បានសម្តែងនូវសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យយ៉ាងក្រៃលែងចំពោះការបាត់បង់រូប ឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ ដែលជាឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ជានាយទាហានដ៏អង់អាចក្លាហាន និងជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលបានធ្វើពលិកម្មសព្វបែបយ៉ាង តស៊ូយ៉ាងសកម្មប្រកបដោយស្វាមីភក្តិក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ អស់រយៈពេលជាច្រើនទសវត្សរហូតអសាននៃជីវិត។ ទោះបីរូបកាយបានឃ្លាតចាកពីលោកយើងទៅមែនពិត ប៉ុន្តែ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ បានកសាងនូវស្នាដៃជាច្រើនរាប់មិនអស់សម្រាប់ប្រទេសជាតិ បន្សល់ទុកនូវកេរ្តិ៍ឈ្មោះ កិត្តិយសដ៏ឧដុង្គឧត្តម ដក់ជាប់ក្នុងដួងចិត្តរបស់យើងខ្ញុំទាំងអស់គ្នា។

ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ ក្នុងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាមឯកឧត្តមផ្ទាល់ សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ សូមឆាប់បានយោនយកកំណើត ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បាននាំយកសាររំលែកទុក្ខ និងបច្ច័យចំនួន ៥លានរៀល របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនក្រុមគ្រួសារសព និងបានចុះហត្ថលេខាលើសៀវភៅក្រាំងមាសទុកជាកិច្ចចុងក្រោយ នៃពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ៕