រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃ សៅរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុឃី អគ្គស្នងការរងនគរបាលជាតិ ជាតំណាងដឹកនាំគណ:ប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ លោកឧត្តមសេនីយ៍ទោ ចេង ហុង ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ដែល និច្ចសុវណ្ណសោភានិមលមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទិត្យ វ៉ាន់នី ទទួលមរណភាព នៅគេហដ្ឋានលេខ៤៧២អឺ0 ផ្លូវ១២៨(កម្ពុជាក្រោម) ទល់មុខសណ្ឋាគារ និងភោជនីយដ្ឋាន លី ឡាយ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្ញុំបាទផ្ទាល់ មានសេចក្ដីក្តុកក្តួលសោកស្តាយជាអនេក ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំអំពីមរណភាពរបស់ និច្ចសុវត្ថារាសោភានិមលមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ទិត្យ វ៉ន់នី កាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់ និច្ចសុវត្ថារាសោភានិមលមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ទិត្យ វាន់នី គឺជា ការបាត់បង់នូវម្តាយ ម្តាយក្មេក និងជីដូនជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលបានខិតខំ ប្រឹងប្រែងពុះពារគ្រប់ឧបសគ្គចិញ្ចឹមបីបាច់ថែរក្សា និងអប់រំណែនាំផ្ដល់ដំបូន្មានធ្វើឱ្យកូន-ចៅបានក្លាយជាបញ្ញវន្ត
និងជាថ្នាក់ដឹកនាំ ដែលមានស្នាដៃក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ។ ម្យ៉ាងវិញទៀតមរណភាពរបស់ និច្ចសុវត្ថារាសោភានិមលមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឌិត្យ វ៉ាន់នី ក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏គំរូ ដែលតែងតែជួយគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនានាទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ សម្រាប់ទុកជា ប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិ។
ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ ក្នុងនាមកងកម្លាំងនគរបាលជាតិ និងក្នុង នាមខ្លួនខ្ញុំផ្ទាល់ សូមចូលរួមសម្ដែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិស ដល់គុណបុណ្យព្រះរតនត្រ័យ ជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ និច្ចសុវត្ថារាសោភានិមលមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ ទិត្យម៉ាន់នី សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕