បាត់ដំបង៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមាន កិត្តិយសសូមជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានជ្រាបថា បន្ទាប់ពីទទួលបាននូវ ព័ត៌មានតាមរយៈបណ្តាញទំនាក់ទំនងសង្គម ថាមានក្មេងស្រីនៅ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានបាត់ពីមូលដ្ឋានដោយពុំដឹងពីមូលហេតុនោះមក លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យផែនជំនាញ និងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ក្រុង-ស្រុកពាក់ព័ន្ធធ្វើការស្រាវជ្រាវ ជាបន្ទាន់ ហើយតាមរយៈការស្រាវជ្រាវ រហូតមកដល់ពេលនេះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ក្មេងស្រីចំនួន ០២នាក់ គឺឈ្មោះ វ៉ុន ខេម៉ាវត្តី និងឈ្មោះកឿន សុខគៀន បានចាកចេញពីលំនៅ ដ្ឋានស្រុកមោងឫស្សី ទៅដល់ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ដែលការចាកចេញទៅនេះគឺ ដោយសាររូបពួកគាត់ខឹងនឹងក្រុមគ្រួសាររបស់គាត់តែប៉ុណ្ណោះ ពុំមានករណីផ្សេងឡេីយ ហេីយខណៈនេះ សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល បានប្រគល់អ្នកទាំងពីរ ជូនក្រុមគ្រួសារនាំមកកាន់លំនៅដ្ឋានវិញ។
ដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម ជ្រាបជាព័ត៌មាន សូមអរគុណ៕