រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១យប់ នៅចំណុចអតីតសណ្ឋាគារមីង គួយ មានទីតាំងស្ថិតនៅផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានជនជាតិចិនមានគ្នាចំនួន៤-៥នាក់ ជិះរថយន្ត០១គ្រឿងម៉ាកAlpard ពណ៌ស (មិនស្គាល់ផ្លាកលេខ) បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ ឈ្មោះ LU WEI ភេទប្រុស ជនជាតិចិន ដាក់ចូលក្នុងរថយន្ត រួចជិះគេចចេញពីទីតាំងខាងលើ។
ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គឹមលី អនុប្រធាននាយកដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញដោយកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ ដោយមានការចូលរួមសហការពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង។
នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១២និង៣០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់៖
ទី១.ឈ្មោះ GU GUOJUN ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន។
ទី២.ឈ្មោះ ហម ចាន់ធូ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ។
ត្រង់ចំណុចនៅជិតវត្តជ្រលងម្លូរ ភូមិទួលកីសង្កាត់ភ្លើងឆេះរទេះខណ្ឌកំបូល រាជធានីភ្នំពេញ យកមកសាកសួរ។
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖
-អាវុធខ្លីម៉ាក NIK SAN ពណ៌ខ្មៅ ចំនួន០៣ដើម និងបង់ចំនួន ០៣
-គ្រាប់ប្រភេទ 380 ចំនួន៣៤គ្រាប់
-ឯកសណ្ឋានប្រយុទ្ធនគរបាលជាតិ (អាវចំនួន០២ ,ខោចំនួន០១)
-ស្ពេបាញ់បង្ហូរទឹកភ្នែក ចំនួន០១ដប
-ខ្នោះដៃ ចំនួន០១ ខ្សែរចំណងជរ័ចំនួន១ដុំ
-ស្បែកជើងប៊ូពណ៌ខ្មៅ ចំនួន០៣គូរ
-ឧបករណ៍ប្រើប្រាស់ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិមួយចំនួន។
ក្រោយពីបានធ្វើការសាកសួរបឋម ជនសង្ស័ខាងលើបានឆ្លើយសារភាពថា បក្ខពួកដែលបានចូលរួមធ្វើសកម្មភាពករណី បង្ខាំងមនុស្ស និងជំរិតទារប្រាក់ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចខាងលើគឺមានចំនួន០៨នាក់។
បច្ចុប្បន្នជនដៃដល់ទាំងពីរនាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕