កំពង់ធំ ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។
ពិធីប្រគល់ទទួលរថយន្តអគ្គិភ័យខាងលើនេះដែរ មាមការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត លោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ ចូលរួមយ៉ាងច្រើនកុះករ។
សូមបញ្ជាក់ដែរថា នាពេលកន្លងមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបើកបណ្តុះបណ្តាលរយៈពេលខ្លី ក្នុងអង្គភាព និងតាមអធិការដ្ឋាននគរបាលក្រុង-ស្រុកជាបន្តបន្ទាប់ បំប៉នជំនាញបន្ថែម ដល់កងកម្លាំងនគរបាលជាតិ ជាពិសេសការងារ បង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ ផងដែរ ។
ការបើកវគ្គបណ្តុះបណ្តាលហ្វឹកហាត់ជំនាញ ដល់កងកម្លាំង ពង្រឹងសមត្ថភាព ឆ្លើយតបកិច្ចប្រតិបត្តិការបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ សង្គ្រោះ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងហេតុការណាមួយ ដែលអាចកើតមានឡើងជាចៃដន្យ រហូតទទួលបានការកោតសរសើរ ជំនឿទុកចិត្ត ពីប្រជាពលរដ្ឋ ផ្ញើក្ដីសង្ឃឹមមកលើ សមត្ថកិច្ច ដែលបានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងអន្តរាគមន៍ ដល់ជនរងគ្រោះ មិនបណ្ដាលឲ្យ មានការខាតបង់ទ្រព្យទម្រង់ធំ ។
ទន្ទឹមនឹងកិច្ចប្រតិបត្តិការ ពន្លត់អគ្គិភ័យ រថយន្តពន្លត់អគ្គិភ័យ បានដែរតួយ៉ាងសំខាន់ ក្នុងការចរាចរណ៍ ផ្គត់ផ្គង់ទឹក ដល់ប្រជាពលរដ្ឋ រស់នៅតាមមូលដ្ឋានជនបទ ដែលកង្វះទឹកប្រើប្រាស់ជាប្រចាំថ្ងៃ ដោយសារគ្រោះរាំងស្ងួតបាតុភូតធម្មជាតិ នារដូវប្រាំង ៕