កំពង់ធំ ៖ ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ កងកម្លាំងត្រូវរក្សាកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរ ដើម្បីសម្រេចនូវសមិទ្ធផលនានា ក៏ដូចជាជោគជ័យ គ្រប់ឧបសគ្គទាំងឡាយ ។
ជាក់ស្តែងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ទោ ជឹម រីណា អធិការនគរបាលស្រុកស្ទោង បានដឹកនាំកងកម្លាំងក្រោមឱវាទ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខមន្ត្រីនគរបាលជាតិ សម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង ។
មន្ត្រីដែលសម្រាកព្យាបាលជំងឺឈ្មោះលោកអនុសេនីយ៍ឯក តាំង គីមស៊ីន ជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលចំណាក្រោម។
ថ្លែងក្នុងពិធីនោះដែរ លោកវរសេនីយ៍ទោអធិការនគរបាលស្រុកស្ទោង បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ របស់លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត ជូនចំពោះអ្នកជម្ងឺ និងជូនពរឆាប់បានជាសះស្បើយ ហើយវិលត្រឡប់មកចូលរួមអនុវត្ត តួនាទី ភារកិច្ច ជូនជាតិមាតុភូមិ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ។
ឆ្លៀតក្នុងឱកាសនោះ លោកអធិការ បានឧបត្ថម្ភ ថវិកាចំនួន ១,០០០,០០០រៀល និងភេសជ្ជៈប៉ូវកំលាំងមួយចំនួនទៀត។
ជាចុងក្រោយលោកអធិការស្រុក បានផ្ញើដល់អ្នកជម្ងឺ បើមានបញ្ហាប្រឈម ក្ដីកង្វល់ សូមទំនាក់ទំនងមកថ្នាក់ដឹកនាំអង្គភាព ដើម្បីលោកជួយអន្តរាគមន៍ ដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕