ស្វាយរៀង ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ផ្តល់ទីតាំងចាត់ចែងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត នៅក្រុងបាវិត ខេត្តស្វាយរៀង។
អនុវត្តតាមបទបញ្ជាដ៍ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត នៅចំណុចហាងខារ៉ាអូខេយីហោKTVLONGPHI ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
*ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ៩នាក់ ស្រី១នាក់ និងជនជាតិចិនតៃវ៉ាន់១នាក់។
ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចបានដកហូត និងចាប់យកសម្ភារៈវត្ថុតាងដែលពាក់ព័ន្ធក្នុងបទល្មើសរួមមាន៖
– ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ១៣កញ្ចប់(ធំ៥កញ្ចប់)
-ថ្នាំគ្រាប់ពណ៌លឿងប្រភេទអ៊ិចស្តាស៊ីចំនួន ៣៧គ្រាប់
– ថ្នាំគ្រាប់ពណ៌ក្រហមប្រភេទអ៊ិចស្តាស៊ីចំនួន ៨១គ្រាប់
-រុក្ខជាតិក្រៀម ១កញ្ចប់
– ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង
– អាវុធខ្លី១ដើម(ម៉ាកK54) បង់១ គ្រាប់១៩គ្រាប់
– ទូរសព្ទ័ដៃ ១៣គ្រឿង
– រថយន្ត ២គ្រឿង
– ម៉ូតូ ១គ្រឿង
– លិខិតឆ្លងដែន ៦ក្បាល
– កុំព្យូទ័រ ១គ្រឿង
ព្រមទាំងឧបករណ៍សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង ៩នាក់ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕