General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកងកម្លាំងគោរពវិញ្ញាណក្ខ័ន្ធ និងបំពាក់ឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ត្រី សពមន្ត្រីនគរបាលជាតិ ជាកិច្ចបច្ឆាមរណៈ

Loading

កំពង់ធំ ៖ រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកងកម្លាំងគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ សពលោកអនុសេនីយ៍ឯក ម៉េង សេងទ្រី នាយរងផ្នែក នៃអធិដ្ឋាននគរបាលស្រុកស្ទោង ស្ថិតនៅភូមិ កំពង់ក្តី ឃុំ កំពង់ចិនត្បូង ស្រុងស្ទោង ខេត្តកំពង់ធំ ។
ក្នុងមរណទុក្ខដ៏សែនក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងទាំងក្ដីក្តុកក្តួលរន្ធត់យ៉ាងក្រៃលែង បន្ទាប់ពីទទួលដំណឹងថាលោកអនុសេនីយ៍ឯក ម៉េង សេងទ្រី នាយរងផ្នែក នៃអធិដ្ឋាននគរបាលស្រុកស្ទោង បានទទួលមរណភាព កាលពីវេលាម៉ោង២២ និង៤០នាទី យប់ម្សិលមិញនេះ ។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព។ ចំពោះមរណភាពលោក ម៉េង សេងទ្រី គឺជាការបាត់បង់សសរទ្រូង ក្នុងក្រុមគ្រួសារ និងជាមន្ត្រីនគរបាលជាតិ ដែលមានស្នាដៃគុណបំណាច់ សកម្មក្នុងការបំពេញភារកិច្ច លះបង់កម្លាំងកាយ កម្លាំងចិត្ត សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុជាតិមាតុភូមិ ការពារ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
លោកស្នងការ ក្នុងនាមប្រធានអង្គភាព នៃស្នងការដ្ឋាននគរបាលខេត្ត បានឧបត្ថម្ភថវិកា ៣,០០០,០០០រៀល និងប្រគល់ថវិកាសមាគម មិត្តនគរបាលជាតិកម្ពុជា ៦,០០០,០០០រៀល សរុបថវិកា ៩,០០០,០០០រៀល ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ត្រី សពអនុសេនីយ៍ឯក ម៉េង សេងទ្រី ជាកិច្ចបច្ឆាមរណៈ ព្រមទាំងឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសាកសិទ្ធក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់លោក ម៉េង សេងទ្រី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕