General Commissariat of National Police
.

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ចាត់តំណាងនាំយកសាររំលែកទុក្ខ និងថវិកាសមាគមមិត្តនគរបាលកម្ពុជាចំនួន ៦លានរៀល ជូនគ្រួសារសព លោកឧត្តមសេនីយ៍ទោ យឹត សុភ័ក្ត្រ

Loading

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ ជាតំណាងដឹកនាំគណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសាររំលែកទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ព្រមទាំងថវិកាសមាគមមិត្តនគរបាល ចំនួន ៦លានរៀល ប្រគល់ជូនលោកស្រី កែវ គឹមសួរ ដែលត្រូវជាភរិយាសព លោកឧត្តមសេនីយ៍ទោ យឹត សុភ័ក្ត្រ ។

តាងនាមថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ និងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានសេចក្ដីក្ដុកក្ដួលសោកស្តាយជាអនេក ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំអំពីមរណភាពរបស់ លោកឧត្តមសេនីយ៍ទោ យឺត សុភ័ក្ត្រ អនុប្រធាន នាយកដ្ឋានកណ្តាលសន្តិសុខ ដែលបានទទួលមរណភាពកាលពីរំលងអធ្រាត្រឈានចូលថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៥៤ឆ្នាំ ដោយរោគាពាធ។

ក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ ជំនួសមុខឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ បានបំពាក់ឋានន្តរសិក្ត ថ្នាក់ឧត្តមសេនីយ៍ឯក ជាកិច្ចបច្ឆាមរណៈ និងបានចាត់ទុកមរណភាពរបស់ លោកឧត្តមសេនីយ៍ឯក យឹត សុភ័ក្ត្រ គឺជាការបាត់បង់នូវស្វាមី និងឪពុកជាទី គោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាការបាត់បង់នូវមន្ត្រីនគរបាលជាតិដ៏សកម្មចំពោះការងារ ដែលជានិច្ចកាលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួនរហូតអវសាននៃជីវិត ចូលរួម បុព្វហេតុថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ ក្នុងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាមឯកឧត្តមផ្ទាល់ សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិសដល់ គុណបុណ្យព្រះរតនត្រ័យ ជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ លោកឧត្តមសេនីយ៍ឯក យឹត សុភ័ក្ត្រ សូមឆាប់ បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕